ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ធំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០និង លើកទិសដៅការងារ២០២១ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(ខេត្តកំពង់ធំ) ៖ នារសៀលថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២១ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការ ស.អ.ក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបគ្នា នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំថ្លែងថា​ ​ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺការរួម គ្នាគិតគូរស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ​ និងជួយដោះស្រាយឱ្យចំគោលដៅ និងទាន់ពេលវេលា ដោយមិនទុកប្រជាជនណាម្នាក់ស្លាប់ដោយខ្វះការទទួលខុសត្រូវ និងពុំបានជួយដោះស្រាយនោះឡើយ។ ជាមួយនេះ ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវផ្តើមចេញពីបុគ្គលម្នាក់ៗ​ គ្រួសារនីមួយៗ​ ចូលរួមអនុវត្តការត្រៀមបង្ការគ្រោះ មហន្តរាយ ដើម្បីការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្តរាយ ដោយយកចិត្តទុកដាក់ប្រតិបត្តិ​ តាមវិធានការ​ ទាំងឡាយដែលក្រសួងស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញ។ ឯកឧត្តមបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២០នេះ ខេត្តកំពង់ធំ ករណីគ្រោះទឹកជំនន់៖ ក្នុងនោះមាន៖ មនុស្សស្លាប់ដោយសារលង់ទឹកមានចំនួនសរុប ០៩​នាក់ ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ៖ ១១.៦៩៥ខ្នង , បាត់បង់ជីវិតចំនួន០៨នាក់, ប៉ះពាល់ដំណាំស្រូវចំនួន៖ ១៨.៨៥០ហិកតា, ដំណាំស្រូវខូចខាតចំនួន៖៣៣៥ ហិកតា = ១២.៣៦៥គ្រួសារ, ដំណាំរួមផ្សំ៖ ៣៤២ ហិកតា, ខូចខាតផ្លូវកៅស៊ូ ប្រវែង៖ ៩.៧០០ ម៉ែត្រ, លិចផ្លូវគ្រួសក្រហម ប្រវែង ៖ ៥៩.១៩៦ម៉ែត្រ ទំនប់៖ ០៨កន្លែង= ៤.២០០ម៉ែត្រ , លិចផ្លូវដីសប្រវែង ៖ ៨.៣៨៤ម៉ែត្រ, លិចប្រឡាយ ឬ , ប៉ះពាល់លូចំនួន ១៨កន្លែង, លិចមណ្ឌលសុខភាព ឬប៉ុស្តីសុខភាព៖ ០១កន្លែង, លិចសាលារៀនចំនួន៖ ៤១សាលា, ប៉ះពាល់ស្ពានចំនួន៖ ០៤ កន្លែង, ខូចខាតស្ពានឈើចំនួន៖ ០១ កន្លែង, ជម្លៀសសត្វពាហនៈ ចំនួន៖ ៦.០១១ក្បាល ក្នុងនោះប្រជាពលរដ្ឋស្រុកប្រាសាទសំបូរ ជម្លៀស ទៅឃ្វាលគោ-ក្របី ៧៥០គ្រួសារ។

ទន្ទឹមនឹងនោះដែរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម បានសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះ
មហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើង ខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។

ជាក់ស្តែងឆ្នាំ២០២០ ប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ត្រូវទទួលរងការគម្រាមកំហែងពីជំងឺរាតត្បាតសកល កូដ-១៩ ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ និងសេដ្ឋកិច្ច ហើយនៅកម្ពុជាមិនត្រឹមតែកើតមានជំងឺកូវដ-១៩ ប៉ុណ្ណោះទេ គឺ ឆ្នាំនេះឥទ្ធិពលព្យុះ បានបង្ករអោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ក៏បានធ្វើការណែនាំដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។