ព័ត៌មានជាតិ

ស្ពានថ្មថ្មី វត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(សៀមរាប) ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានថ្មថ្មី វត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប ព្រមទាំងមានការនិមន្តចូលរួមពីព្រះធម្មសិរីអាភាសករោ ព្រះសុមង្គលសិលាចារ្យបណ្ឌិត ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈមហានិកាយ ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះគ្រូចៅអធិការ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធាន មន្ទីរ-អង្គភាព លោក ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់សៀមរាប លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សផងដែរ។

លោកស្រី យូ សុភា អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តសផមរាប សូមធ្វើការកោតសរសើរ និងសូមថ្លែងអំណរព្រះគុណ និងអរគុណជាអតិបរមា ប្រគេនព្រះមន្រ្តីសង្ឃ ព្រះគ្រូអនុគណក្រុង ព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈសម្រាប់សាងសង់ស្ពានថ្មថ្មីវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ហើយយើងកំពុងប្រារព្ធសម្ពោធនាឱកាសនេះ។ ស្ពាននេះមិនត្រឹមតែបានរួមចំណែកក្នុងការកាត់បន្ថយនូវការកកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននូវកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពសង្គមផងដែរ ពិសេសបានរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពក្រុង គាំទ្រវិស័យទេសចរណ៍ និងកិច្ចអភិវឌ្ឍន៍ពាក់ព័ន្ធនានា។

ជាមួយនោះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន ព្រមទាំងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ពិសេសការចូលរួមចំណែកគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ នារយៈកាលកន្លងមក។ ដែលកត្តានេះ បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យមានសន្ទុះយ៉ាងលឿនទៅមុខ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។