ព័ត៌មានជាតិ

សម្តេច ស ខេង ៖ មិនត្រូវឲ្យកើតមានករណីសមត្ថកិច្ចពន្លត់អគ្គីភ័យ តថ្លៃជាមួយប្រជាពលរដ្ឋដែលកំពុងជួបប្រទះគ្រោះអគ្គីភ័យនោះឡើយ !

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហាមមិនឱ្យមានករណីមន្ត្រីអគ្គីភ័យទៅតថ្លៃជាមួយម្ចាស់ផ្ទះដែលជាជនរងគ្រោះក្នុងករណីនេះទេ។ ប្រសាសន៍លើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២១នៅក្រុងតាខ្មៅ ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា« ករណីមានអគ្គីភ័យប្រជាពលរដ្ឋរងគ្រោះ ហៅឡានទឹក ហើយនៅពេលដែលឡានទឹកទៅដល់ ពុំអាចចូលទៅពន្លត់បានដោយសារស្ថានភាពផ្លូវចូលមានលក្ខណៈមិនអំណោយផលដល់ការចូលឡានទឹក និងបាញ់ទឹកពន្លត់នោះទេ ព្រោះតែទីតាំងទាំងនោះជាតំបន់សំណង់អនាធិបតេយ្យ ដែលមានផ្លូវតូចចង្អៀតពិបាកក្នុងការជួយសង្គ្រោះ។ ប៉ុន្តែករណីមួយទៀតនោះ គឺនៅពេលឡានទឹកទៅដល់កន្លែងកើតហេតុហើយ បែរជាមន្ត្រីមួយចំនួនមិនធ្វើការជួយពន្លត់ភ្លាមៗនោះទេ ប៉ុន្តែពួកគាត់ទៅតថ្លៃជាមួយម្ចាស់ផ្ទះដែលជាជនរងគ្រោះជាមុនសិន ដែលការប្រព្រឹត្តបែបនេះជាការខុសឆ្គង ដូច្នេះហើយ មន្ត្រីនៅគ្រប់កន្លែងជាពិសេសទីប្រជុំជន និងទីក្រុងត្រូវមើលចំណុចទាំងនេះឡើងវិញ។

សម្តេចក្រឡាហោម បានបន្តថា«ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ មន្ត្រីស៊ីប្រាក់ខែរដ្ឋ បើទោះបីជាប្រាក់ខែតិចតួចក្តី ក៏ប៉ុន្តែមន្ត្រីមិនត្រូវបំពេញបេសកម្មដោយយកកាតព្វកិច្ចនេះជាអាជីវកម្មរបស់ខ្លួននោះទេ»។

ក្នុងឱកាសនោះដែរ សម្តេចក្រឡហោម ស ខេង បានអំពាវនាវ និងស្នើដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ដើម្បីធ្វើការត្រួតពិនិត្យលើបញ្ហានេះ ដោះស្រាយរាល់បញ្ហាកុំឱ្យកើតមានការតថ្លៃជាមួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះនេះ ដោយត្រូវសិក្សាផ្តល់ប្រាក់ឧបត្ថមលើកទឹកចិត្តដល់មន្ត្រីដែលចុះបំពេញបេសកកម្ម ធ្វើយ៉ាងណាកុំឱ្យមន្ត្រីទៅតថ្លៃ ជាមួយប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ព្រោះពលរដ្ឋដែលកំពុងតែរងគ្រោះបានប្រាក់មកពីណាដើម្បីផ្តល់សេវាបង់ថ្លៃការពន្លត់អគ្គីភ័យនោះទេ ក្នុងពេលដែលទ្រព្យសម្បត្តិរបស់ខ្លួនកំពុងតែត្រូវបានភ្លើងឆេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។