ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត បានជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជម្រុញការបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ ព្រមទាំងពង្រឹងវិន័យការងារ របស់មន្ត្រី

(សៀមរាប) នៅព្រឹកថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត បានដឹកនាំប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ ប្រធាន អនុប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្មខេត្ត និង តំណាងទីចាត់ការចំណុះសាលាខេត្ត ចូលរួមផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង សេចក្តីរាយការណ៍របស់ នាយខណ្ឌរដ្ឋបាលព្រៃឈើ និង នេសាទ រួមទាំងការិយាល័យចំណុះមន្ទីរកសិកម្ម ដោយបានលើពីបញ្ហាប្រឈមមួយចំនួន ដោយផ្តោតទៅលើបញ្ហាភ្លើងឆេះព្រៃឈើក្រញ៉ូង និងការកាប់ទន្ទ្រានយកដីព្រៃ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ព្រមទាំងកង្វះខាតទឹកស្រោចស្រពដំណាំកសិកម្មជាដើម។

មានប្រសាសន៍នោះដែរលោក ង៉ាន់ ភិរុណ ក្នុងនាមតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានធ្វើការ កោតសរសើរ អំពីលទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២០កន្លងមកនេះ បានធ្វើឲ្យវិស័យកសិកម្មក្នុងខេត្ត កាន់តែមានការវិវត្តន៍ឈានឡើង ក្នុងការបណ្តុះបណ្តាលលើវិស័យ ជំនាញបច្ចេកទេស ក្នុងការដាំដុះដំណាំកសិកម្ម ចិញ្ចឹមសត្វជាដើម ។ ក្នុងនោះដែរលោកក៏បានផ្តោតសំខាន់ ចំពោះ បញ្ហាបទល្មើសព្រៃឈើ និង ជលផល ដែលជាគោលដៅដ៏ក្តៅគគុកនៅក្នុងសង្គមជាតិ ដែលបានធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិទាំងលើគោក និងទឹក ដែលបង្កឲ្យវិនាសមហន្តរាយដល់សង្គមជាតិ ។ លោកក៏បានជម្រុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ គឺត្រូវធ្វើការពិនិត្យឡើងវិញ នូវរាល់ការធ្វើអាជីវកម្ម សិប្បកម្មតុ ទូ ឲ្យមានច្បាប់ត្រឹមត្រូវ ព្រមទាំងបង្រ្កាបឲ្យបាននូវភាពអាណាធិបតេយ្យ ការកាប់ឈើយកមកធ្វើធ្យូង ដែលជាអាជីវកម្មមួយបំផ្លាញព្រៃឈើ ដែលគិតស្មាន មិនដល់របស់ប្រជាពលរដ្ឋ និង បានបំពុលដល់បរិស្ថាន ដោយការរីកដុសដាលនៃឡដុតធ្យូងនៅតាមបណ្តាស្រុកមួយចំនួន។

លោកអភិបាលរងខេត្តក៏បានជម្រុញផងដែរ ចំពោះការពង្រីកនូវ វ៉ារីវប្បកម្មចិញ្ចឹមត្រីនៅតាមមូលដ្ឋាន ក្នុងការទប់ទល់រាល់ការចាប់ត្រីពីធម្មជាតិ ដើមី្បធ្វើការអភិរក្សពូជត្រី នៅបឹងធម្មជាតិទៀតផង ។ ម៉្យាងទៀតបង្កើនការបង្រ្កាបនូវបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និង ការកាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវទឹកឡើង ហើយប្រធានអង្គប្រជុំ ក៏បានជម្រុញផងដែរ លើការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លើការបណ្តុះបណ្តាលបច្ចេកទេស ការប្រើប្រាស់ជី ជ្រើសរើសគ្រាប់ពូជ ដើមី្បកែប្រែគុណភាពដី ក្នុងការលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និង ដើមី្បបំពេញនូវសេចក្តីតម្រូវការនៅតាមទីផ្សារទៀតផង ព្រមទាំងជម្រុញ ដល់បសុព្យាបាល ត្រូវគ្រប់គ្រងឲ្យខាងតែបានពីការនាំចូលនូវសត្វធាតុមកពីខាងក្រៅខេត្ត និង ត្រូវចុះពិនិត្យពីសុខភាពសត្វ នៅតាមមូលដ្ឋានឲ្យបានជាប្រចាំ។ ជាមួយនឹងការណែនាំនោះដែរលោកក៏បានដាក់នូវវិធានការមួយចំនួន ចំពោះមន្ត្រីអសកម្មការងារ និង ជម្រុញអនុវត្តនូវវិធានការរដ្ឋបាលទាំងនោះព្រមទាំងធ្វើការពង្រឹងឡើងវិញនូវវិន័យការងាររបស់មន្ត្រីទៀតផង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។