ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ប្រគល់ផ្ទះចំនួន ៣ខ្នង និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៦០គ្រួសារ នៅស្រុកកំពង់ស្វាយ

(ខេត្តកំពង់ធំ) ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានប្រគល់ផ្ទះចំនួន ៣ខ្នង មានទំហំ 4m x 6m និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ដែលមានទីតាំងបីផ្សេងគ្នា ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះនោះដែរ ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ពុកម៉ែបងប្អូនជានិច្ចមិនដែលខកខាននោះទេ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារ ដោយមិនមានអាជ្ញាធរបានដឹង ទីណាមានទុក្ខលំបាកទីនោះតែងតែមានមន្ត្រីកាកបាទក្រហមចុះជួយជានិច្ច។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងសប្បុរសជននានា ដែលបានជួយជ្រោមជ្រែងផ្តល់អំណោយកាកបាទក្រហម សម្រាប់យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងមក។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានជំរុញដល់ប្រធានអនុសាខាកាកបាទក្រហមស្រុក សូមខិតខំស្វែងរកអំណោយមនុស្សធម៌ នឹងបន្តចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ១គ្រួសារ ឬ២គ្រួសារ ឱ្យបានទាន់ពេលវេលា។

ចុងក្រោយ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ សូមរក្សាអនាម័យឱ្យបានជាប់ជានិច្ច រស់នៅតាមបែបគន្លងថ្មី ដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវមានការជួបជុំនោះទេ ដើម្បីចូលរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀតសូមពុកម៉ែជួយអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូ​ ត្រូវពាក់មួក​សុវត្ថិភាព​ ទាំងអ្នកបើកបរនិងអ្នករួមដំណើរ បេីក​បរ​រថយន្ត​ ត្រូវពាក់​ខ្សែ​ក្រវាត់​ សូមចូលរួមគោរ​ពចរាចរណ៍​ទាំងអស់គ្នា​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។