ព័ត៌មានជាតិ

វឌ្ឍនភាពនៃការបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន!

វឌ្ឍនភាពនៃការបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ
សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀត
ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណៈស្រស់
និងក្រៀម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា
បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហ.ត
ដោយទទួលទិន្នផលជាមធ្យមចំនួន១៦តោន/ហ.ត/រដូវ ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧តោន។


ក្នុងឆ្នាំ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន១០៧ ៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន៨៥០ ០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។ ដោយឡែក ក្នុងឆ្នាំ២០២១ គិតត្រឹមខែមករា ការនាំចេញផ្លែស្វាយស្រស់មានវិញ្ញាបនបត្រភូតគាមអនាម័យបានចំនួនប្រមាណ ១១ ៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាម អនាម័យចំនួនប្រមាណជា ១៨ ០០០តោន (ប្រភពពីអ្នកប្រមូលទិញ-លក់បន្តឱ្យឈ្មួញនាំចេញ)។
ដោយយោងតាមរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តពិធីសារសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ដែលក្រសួងទទួលបានពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា៖
– ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) ស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
– អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៥៥ ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។
– ដំណាក់កាលទី១: អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្រ្តីជំនាញចុះពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន០១ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
– ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ សកម្មភាពទាំងនោះរួមមាន (១)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ ៣)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ (៤)-ចុះអង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និង(៥)-ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពដំណាំស្វាយ។
– ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម បានវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្តកសិកម្មល្អ (GAP) និងចុះបញ្ជីកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិនបានចំនួន ២៥កសិដ្ឋាន ដើម្បីត្រៀមផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមទៀត។
– គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានក្រុមហ៊ុនចំនួន០៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយ និងឃ្លាំងត្រជាក់ដែលក្នុងនោះរួមមាន៖
1. ក្រុមហ៊ុនបឹង កេត ហ្វ្រេស ហ៊្រូ្វត ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងតម្លើងម៉ាស៊ីនទឹកក្តៅ (Hot Water Treatment-HWT) ដែលបានសន្យាថានឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
2. ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មាន មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន ចចំហាយទឹកក្តៅ (Vapor Heat Treatment-VHT) ដែលបានសន្យាថានឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០ កន្លងទៅ។
3. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារៈពីប្រទេសចិនមកសាងសង់ ដែលបានសន្យាថានឹងបញ្ចប់នៅដើមឆ្នាំ២០២១។
4. ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ាស៊ីន HWT ដែលមានផែនការបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនចំនួន៦ផ្សេងទៀត ដែលមានផែនការបំពាក់ឧបករណ៍/សម្ភារៈឱ្យបានមុនដំណាច់ឆ្នាំ២០២០នេះ បានផ្អាកបណ្តោះអាសន្ន ដោយសារវិបត្តិជំងឺ COVID 19។ ក្រុមហ៊ុនទាំងនោះរួមមាន៖ (១)-ក្រុមហ៊ុនអង្គរ ហាវេស ឯ.ក (២)-ហ្រ្គីន ស៊ី អេហ្រ្គីខលឈ័រ (៣)-ឃីង ដឹមហ្វ្រូត អ៊ិនធើណេសិនណល (៤)-Green Centric Farm Co., Ltd (៥)-អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន (អេជីអាយឌី) និង (៦)-First Bio-Tech Agricultural (Cambodia) Co., Ltd ។
ដោយឡែកនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានកសិកម្ម បានជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុនចំនួន៤ ដែលកំពុងដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មកម្ចាត់ពងរុយចោះផ្លែស្វាយ ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃចុងក្រោយដើម្បីរៀបចំឯកសារបច្ចេកទេសផ្ញើជូនអគ្គរដ្ឋបាលគយចិនពិនិត្យសម្រេច។ លទ្ធផលដែលទទួលពីកិច្ចប្រជុំនេះ មានដូចខាងក្រោមៈ
1. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់ការសាងសង់ម៉ាស៊ីន HWT ជាស្ថាពរ។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញឃើញថា ការសាងសង់ បានអនុវត្តត្រឹមត្រូវតាមបច្ចេកទេស ហើយក្រុមហ៊ុនអាចទទួលបានការចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មសម្រាប់ផ្ញើជូនទៅ GACC ដើម្បីពិនិត្យសម្រេច។
2. ក្រុមហ៊ុនបឹង កេត ហ្វ្រេស ហ៊្រូ្វត ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់ការតម្លើងម៉ាស៊ីន HWT រួចរាល់។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញឃើញថា ក្រុមហ៊ុននៅមានចំណុចខ្វះខាតបន្តិចបន្តួច (ប្រព័ន្ធប្រព្រឹត្តិកម្មធ្វើឱ្យប៉ះពាល់សម្បកផ្លែស្វាយ) ដែលទាមទារធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវ ទើបទទួលការចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មសម្រាប់ផ្ញើជូនទៅ GACC ។ ក្រុមហ៊ុនបានសន្យាថា នឹងធ្វើការកែសម្រួលតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវនៅសប្តាហ៍នេះ។
3. ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ចប់ការសាងសង់ម៉ាស៊ីន HWT។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញឃើញថា ក្រុមហ៊ុននៅមានចំណុចខ្វះខាតខ្លះដែលមិនទាន់ឆ្លើយតបទៅនឹងលក្ខណៈបច្ចេកទេស និងពិធីសារ (ការកំណត់សីតុណ្ហភាពទឹកក្តៅមិនទាន់ត្រឹមត្រូវ និងមិនទាន់មានអនាម័យល្អ) ដែលទាមទារឱ្យមានការកែតម្រូវជាមុនសិន។ ភាគីក្រុមហ៊ុនបានសន្យាថានឹងធ្វើការកែសម្រួលនូវចំណុចដែលខ្វះខាតក្នុងរង្វង់ ៣ថ្ងៃខាងមុខនេះឱ្យបានរួចរាល់។
4. ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិនធើណេសិនណល អេហ្គ្រីខលឈ័រ ប្រដាក់ អេន ឡូជីស្ទីក ឯ.ក (អតីត
ឈ្មោះ បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក) មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន VHT។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញឃើញថា ក្រុមហ៊ុនមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ ទាំងការតម្លើងម៉ាស៊ីន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ក្រុមហ៊ុនបានទទួលស្គាល់ថាការសាងសង់មានការយឺតយាវដោយសារបញ្ហាជំងឺកូវីត១៩ ធ្វើឱ្យរាំស្ទះដល់ការដឹកសម្ភារៈ និងការធ្វើដំណើររបស់ជំនាញការ ហើយបានសន្យាថានឹងពន្លឿនការងារសាង់សង់ឱ្យបានលឿនបំផុត រួចរាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះវាយតម្លៃ។

ដើម្បីសម្រេចគោលបំណងនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនឱ្យទាន់រដូវប្រមូលផលខាង
មុខនេះ អង្គប្រជុំក៏បានឯកភាពគ្នាដូចខាងក្រោមៈ
– បន្ទាប់ពីការកែសម្រួលរបស់ក្រុមហ៊ុននូវចំណុចខ្វះខាតឱ្យបានរួចរាល់ក្នុងសប្តាហ៍នេះ អគ្គនាយកដ្ឋានកសិកម្មនឹងរៀបចំឯកសារផ្ញើជូនអគ្គរដ្ឋបាលគយចិនចំនួន០៣ក្រុមហ៊ុនជាមួយគ្នាតែម្តង។
– ដោយឡែក ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិនធើណេសិនណល អេហ្គ្រីខលឈ័រ ប្រដាក់ អេន ឡូជីស្ទីក ឯ.ក នៅពេលបញ្ចប់ការសាងសង់ម៉ាស៊ីន VHT និងហេដ្ឋារចនាសម្ព័ន្ធគាំទ្ររួចរាល់ អគ្គនាយកដ្ឋានកសិកម្ម នឹងចុះ ពិនិត្យវាយតម្លៃដើម្បីចុះបញ្ចី និងរៀបចំឯកសារផ្ញើជូនអគ្គរដ្ឋបាលគយចិនតាមក្រោយជាបន្តទៀត។

– ដំណាក់កាលទី២: អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងផ្ញើជូនកសិដ្ឋានដែលបានចុះបញ្ជីជាកសិដ្ឋានសម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសចិនចំនួន ២៥កសិដ្ឋាន និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយដែលបានសាងសង់រួចរាល់ចំនួន៣បន្ថែមទៀត ទៅភាគី GACC ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។
– សរុប កម្ពុជានឹងមានកសិដ្ឋាន ចំនួន៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន០៤ ដែលGACC នឹងពិនិត្យ និងវាយតម្លៃសម្រេចក្នុងការអនុញាតនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។

អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូមសាធារណៈជន និងអ្នកពាក់ព័ន្ធទាំងអស់ បានជ្រាប និងបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើឱ្យសម្រេចនូវផែនការនាំស្វាយចេញទៅកាន់ប្រទេសចិន នាពេលខាងមុខដ៏ខ្លីខាងមុខនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។