ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋ កុំដើរកំសាន្ដទៅកាន់ព្រំដែនវៀតណាម និងទីតាំងមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំដើរកំសាន្ដ នៅតាមទីតាំងដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ដូចជាតាមព្រំដែនមួយចំនួន ដែលមានហានិភ័យខ្ពស់ រួមទាំងព្រំដែនប្រទេសវៀតណាម ដែលកំពុងតែផ្ទុះរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩នេះ។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «នៅពេលចូលឆ្នាំចិន-វៀតណាមខាងមុខនេះ សូមប្រជាពលរដ្ឋនៅផ្ទះ ដោយកាត់បន្ថយ ឬកុំដើរលេង បើពុំចាំបាច់ ព្រោះនៅតាមបណ្ដាប្រទេសជិតខាងយើង កំពុងតែផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាវៀតណាម ថៃ ជាដើម កុំឱ្យមានបញ្ហាចម្លងជំងឺចូលមក មិនមែនប្រកាន់ ឬហាមឃាត់រហូតដែលអ្វីនោះឡើយ តែដើម្បីការពារពលរដ្ឋយើង ពីជំងឺកូវីដដ៏សាហាវមួយនេះប៉ុណ្ណោះ»។

ការថ្លែងបែបនេះរបស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបម្រើសេវាសុខភាពជូនពលរដ្ឋ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

រដ្ឋមន្ដ្រីថ្លែងក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន កុំធ្វេសប្រហែសឱ្យសោះ ត្រូវពាក់ម៉ាស អនាម័យដៃស្អាតជាមួយនិច្ច និងរក្សាគម្លាតបុគ្គល ឬសង្គម។ លើសពីនោះ អ្វីដែលជាការព្រួយបារម្ដនោះ បច្ចុប្បន្ននេះ មិនសូវពាក់ម៉ាសពេលជួបជុំគ្នាច្រើន ពិសេសការធ្វើពិធីជួបជុំគ្នាផឹកស៊ីជាដើម ដែលនេះជាហានិភ័យខ្ពស់ ដែលពលរដ្ឋយើង ត្រូវស្វែងយល់។

លោកបានគូសបញ្ជាក់ថា «កន្លងមកនេះ យើងឃើញហើយថា ពលករខ្មែរយើងមកពីថៃ មានករណីវិជ្ជមានជំងឺកូវីដ១៩មួយចំនួន ហើយបច្ចុប្បន្ននេះ នៅវៀតណាម ក៏មានការរាតត្បាតទ្រុងទ្រាយធំជាបន្ដបន្ទាប់ទៀត នៅក្នុងខេត្ដមួយជាប់ព្រំដែនកម្ពុជាយើង ត្បិតណាស់នៅទីនោះ មិនមានពលករខ្មែរយើងធ្វើការនោះទេ ប៉ុន្ដែការមានការចេញចូលមុខជំនួញជាធម្មតា ដែលទាមទារឱ្យពលរដ្ឋយើងបន្ដប្រុងប្រយ័ត្ន»។

ទោះជាយ៉ាងណា ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរួមគ្នា និងត្រៀមលក្ខណៈជានិច្ច ពង្រឹងតាមដានតាមច្រកព្រំដែនកម្ពុជា-វៀតណាម មានខេត្ដរតនគិរី ដែលជាប់នឹងខេត្ដយ៉ាឡាយប្រទេសវៀតណាម និងទីតាំងមួយចំនួនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។