ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់បឹងកក់ ក្រុងកំពង់ចាម

(ខេត្តកំពង់ចាម) ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងលិចលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធច្រើនរូបទៀត។

ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញចុះសិក្សា និងលើកគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងនៅតំបន់នេះ ដើម្បីចៀសវាងការជន់លិចពេលមានភ្លៀងតែម្ដង។

ឯកឧត្តមអភិបាលខេត្ត បានណែនាំអាជ្ញាធរមូលដ្ឋាន ឲ្យបន្តតាមដានអំពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ ដើម្បីរកវិធានការដោះស្រាយបានទាន់ពេលវេលា ចៀសវាងការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះមន្ទីរអង្គភាពជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដាក់ស្លាកសញ្ញាចរាចរណ៍ នៅតាមផ្លូវតែជន់លិច ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។