ព័ត៌មានជាតិ

លោកតា ពេញ ម៉ៅ អាយុ ៩៣ ឆ្នាំ រងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលបានជំនួយសង្គ្រោះ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

(កំពង់ចាម) នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់លោក ទូច ឆៃ នាយកប្រតិបត្តិសាខា មន្ត្រីក្រុមប្រតិបត្តិសាខា និងមន្រ្តីអនុសាខា ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ របស់សាខា ផ្តល់ជូន លោកតា ពេញ ម៉ៅ អាយុ ៩៣ឆ្នាំ (រស់នៅម្នាក់ឯង) ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ១ខ្នង ទំហំ ៤ម×៥ម ដំបូលនិងជញ្ជាំងធ្វើពីស្បូវ កាលពីវេលាម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម មូលហេតុ បណ្តាលមកពីដាំបាយរួចហើយ ភ្លេចពន្លត់ភ្លើងចង្ក្រាន ។

ក្នុងឱកាសនោះ លោក ទូច ឆៃ បានសម្តែងការសោកស្តាយជាមួយលោកតាជាម្ចាស់ផ្ទះ ចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយបាត់បង់ទាំងលំនៅ ទាំងទ្រព្យសម្បត្តិ លុយកាក់ ដែលខំសន្សំទុករាប់ឆ្នាំមកហើយ ។

លោកនាយកសាខា ក៏បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

លោកនាយកសាខា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំណែនាំនានា របស់ក្រសួងសុខាភិបាល។

ជំនួយសង្គ្រោះ ដែលបានផ្ដល់ជូន រួមមាន ៖
– អង្ករ ៥០ គ.ក្រ
– ទឹកត្រី ១ យួរ
– ទឹកស៊ីអ៊ីវ ១ យួរ
– មី ១ កេស
– តង់ធំ ១
– ឃីត ១ ( មុង ភួយ សារុង ក្រម៉ា )
– អាវយឺត ២
– សម្ភារៈផ្ទះបាយ សម្ភារៈដំណេក និង
– ថវិកាចំនួន ៥០០,០០០រៀល

សូមបញ្ជាក់ថា លោកតារងគ្រោះរូបនេះ ក៏ទទួលបានជំនួយសង្គ្រោះពី ប្រភពផ្សេងៗទៀតផងដែរ រួមមាន ៖
+ អនុសាខាស្រុកកំពង់សៀម បានផ្តល់ជូន នូវ អង្ករ ៥០គក្រ សម្ភារៈផ្ទះបាយ និងថវិកា ១០០,០០០រៀល
+ ឯកឧត្តម វេង សាខុន និងលោកជំទាវ ថវិកា 2.000.000រៀល អង្ករ 50គ.ក និងសម្ភារៈមួយចំនួន
+ ឯកឧត្តម ចាន់ សាវុឌ្ឍ និងក្រុមការងារ ថវិកា 500.000រៀល
+ សាលាអនុគណស្រុក ថវិកា 670.000រៀល អង្ករ 5 បាវ សម្ភារផ្ទះបាយ និងសម្ភារដំណេក ៣សម្រាប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។