ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានដឹកនកិច្ចប្រជុំផ្សព្វផ្សាយ គោលការណ៍ និងវិធានការបង្ការការពារ និងទប់ស្កាត់ការរាតត្បាតជំងឺវីរុសប្រភេទថ្មី(COVlD-19)

(ខេត្តព្រៃវែង) ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតជំងឺវីរុសប្រភេទថ្មី(COVID-19) ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង) រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោក ៦០៧ មេបញ្ជាការកងរាជអាវុធហត្ថ អភិបាលក្រុង/ស្រុកទាំង១៣ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

យោងតាមការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ស្តីពីការទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាមចូលមកក្នុងប្រទេសកម្ពុជា ឯកឧត្តម ជា សុមេធី សូមដាក់បទបញ្ជាទៅសមត្ថកិច្ចនៅតាមព្រំដែនវៀតណាមក្នុងខេត្តព្រៃវែងទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានស្នើរដល់គណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ខេត្ត ជាពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។