ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ចំនួន៦០ម៉ឺនដូស ជំនួយរបស់ចិន ក្នុងជំហានដំបូង

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន អញ្ជើញទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងដែលបានបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។

ក្នុងពីធីប្រគល់ទទួលនោះ ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ចាប់ពីផ្ទុះកូវីដ១៩ រដ្ឋាភិបាលកម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ដែលប្រៀបដូចជាពាក្យស្លោកថា «ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ ឯកអគ្គរដ្ឋទូតចិន ថ្លែងថាទៀតថា ក្រុមវេជ្ជបណ្ឌិតចិន បានមកបណ្តុះបណ្តាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា ហើយប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រឆាំងនឹងកូវីដ១៩ និងផ្តល់ជំនួយដល់កម្ពុជា តាមលទ្ធភាព រហូតដល់ឈ្នះជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលត្រូវទទួលនាពេលបន្ទាប់។ សម្តេចតេជោបន្តថា ទោះបីជាកម្ពុជាទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជានាពេលនេះ។ នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ក៏បានជូនពរដល់បងប្អូនប្រជាជនចិនជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។