ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ បើកកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ !

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការត្រៀមរៀបចំពិធីអភិសេករូបសំណាក លោកតាអាចារ្យលាក់ និងរូបសំណាក អ្នកតាក្រហមក នៅពេលខាងមុខនេះ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ខិតខំអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានកោតសរសើរ និងលើកឡើងអំពីបញ្ហាបទល្មើសផ្សេងៗ ដែលមន្ត្រីជំនាញបានខិតខំប្រឹងប្រែងបង្ក្រាបកន្លងមក និងសូមខិតខំធ្វើកិច្ចការនេះបន្តទៀត ជាពិសេសមន្ត្រីជំនាញសូមខិតខំពិនិត្យមើលបញ្ហាដែលអ្នកសារព័ត៌មានធ្វើការចុះផ្សាយបញ្ហាកន្លងមកនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រសិនបើជាការពិត សូមខិតខំបង្ក្រាប និងធ្វើការបកស្រាយ ធ្វើការឆ្លើយតប ជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យមានការជះឥទ្ធិពលអាក្រក់មកលើថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ ក្រុង ស្រុក។

លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការព្រួយបារម្ភចំពោះការខ្វះទឹកធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ ព្រមទាំងបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធខិតខំស្វែងរកដំណោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងអោយអស់លទ្ធភាពដែលអាចធ្វើបាន នឹងចេះសម្របសម្រួលការបែងចែកប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការសន្សំសំចៃខ្ពស់។

ចុងក្រោយឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន-វៀតណាម សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យនាឱកាសសែនព្រេនថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុខនេះ ដែលអាចកើតមានឡើងជាយថាហេតុជាពិសេស ភ្លើងធូប ភ្លើងទាន ភ្លើងចង្ក្រាន ភ្លើងអគ្គីសនី និង ការដុតក្រដាសសែនព្រេន ជាដើម សូមរក្សាគម្លាតសុវត្ថិភាព រក្សាអនាម័យ ការរស់នៅបែបកន្លងថ្មី ដើម្បីចៀសវាងនូវការឆ្លងជំងឺ covid-19 និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។