ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារថ្មី ខេត្តប៉ៃលិន !

(ខេត្តប៉ៃលិន) ៖ នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានរតនាគារថ្មី ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ តំណាង ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០១១ សហវ.ប្រក សម្រេចតែងតាំង លោក ណេង ករុណា អនុប្រធានរតនាគារ ទៅជាប្រធានរតនាគារខេត្តប៉ៃលិន ជំនួសលោក លោក ហៀង សុងហួត ដែលត្រូវបានចូលនិវត្តន៍។

លោក ណេង ករុណា ប្រធានរតនាគារថ្មី ខេត្តប៉ៃលិន បានធ្វើការបេជ្ញាចិត្ត៖ ទី១-អនុវត្តន៍ ឱ្យបានម៉ឺងម៉ាត់តាមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ របស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងអភិបាលខេត្តប៉ៃលិន ក្នុងការចូលរួមគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ទី២-អនុវត្តន៍ឱ្យបានដាច់ខាតតាមបាវចនា២ ” កែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅលើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ ” និង អភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”, ទី៣-អនុវត្តន៍តាម អភិក្រមការងារ ៤ប្រការរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ, ទី៤-អនុវត្តន៍ឱ្យបានយ៉ាងទៀងទាត់ នូវការបើកប្រាក់បៀវត្សរ៍នៅសប្តាហ៍ទី២ និងសប្តាហ៍ ទី៤ ជូនដល់មន្ត្រីតាមមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្តប៉ៃលិន និងក្រុង/ស្រុក ឃុំ/សង្កាត់, ទី៥-សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុង/ស្រុក ឃុំ /សង្កាត់ក្នុងការអនុវត្តកម្មវិធីចំណូលចំណាយថវិការដ្ឋឱ្យបាន ល្អប្រសើរ, និងទី៦-ខិតខំបង្កើនសាមគ្គីភាពផ្ទៃ ក្នុងរតនាគារខេត្តឱ្យបានជិតស្និទ្ធ រឹងមាំ ក្នុងស្មារតីគោរពរាប់អានជាបងប្អូន និងជាមិត្តភក្តិយ៉ាងស្មោះស្ម័គ្រ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍វាយតម្លៃការខិតខំប្រឹងប្រែងបម្រើ ការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញការងាររយៈពេលកន្លងមករហូតចូលនិវត្តន៍ និងបានផ្តាំផ្ញើដល់លោកប្រធានរតនាគារថ្មី ត្រូវបន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំ មន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រកបដោយគុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈប្រកប ដោយប្រសិទ្ធភាពខ្ពស់។

លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានមានប្រសាសន៍ជំរុញដល់ អង្គភាព ដែលចំណុះឱ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបង្កើនសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន លើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងការគ្រប់គ្រងទ្រព្យរដ្ឋ ពង្រឹងការប្រមូលចំណូលមិនមែនសារពើពន្ធ បន្តពង្រីកមូលដ្ឋាននៃការប្រមូលពន្ធតាមរបបស្វ័យប្រកាស ពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពង្រឹងសមត្ថភាពមន្រ្តីលើផ្នែកព័ត៌មានវិទ្យាដើម្បីអនុវត្តន៍ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាដើម។ល។

នៅក្នុងឱកាសនោះផងដែរ លោកអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍បានផ្តាំផ្ញើដល់លោក ណេង ករុណា ដែលទើបឡើងកាន់តំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិការងារឲ្យបានតាមការណែនាំ និងអនុវត្តន៍តាមអភិក្រម ៤ប្រកា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយបានខ្ជាប់ខ្ជួននោះគឺ ១-អនុវត្តន៍ការងារប្រកបដោយវិជ្ជាជីរ: ក្រមសីលធម៍ , ២-អនុវត្តន៍ការងារជាក្រុម, ៣-អនុវត្តន៍ការងារដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និង៤-មិនត្រូវមើលរំលងកំហុសខ្លួនឯងនោះឡើយ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។