ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេរួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ !

(ភ្នំពេញ) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។
បើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា
សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកេតុមាលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។