ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មការសកម្មភាពកំចាត់មីន ខេត្តព្រៃវែង

(ខេត្តព្រៃវែង) ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” នៃសាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានកងឯកភាពកំចាត់មីនទី៥ និងការិយាល័យចំណុះសាលាខេត្តព្រៃវែង។ក្នុងកិច្ចប្រជុំនេះដែរ យោងតាមគណៈកម្មការសកម្មភាពកំចាត់មីន បានអោយដឹងថា មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មួយចំនួនត្រូវបានប្រទះឃើញជាបន្តបន្ទាប់ ហេតុនេះ ដើម្បី ទប់ស្កាត់បញ្ហានេះ ឯកឧត្តមអភិបាលខេត្ត ស្នើសុំគណៈកម្មាធិការសកម្មភាព មីនខេត្ត និង អង្គការពាក់ព័ន្ធទាំងអស់ ចូលរួមសហការតាមដាន ជាប្រចាំនៅតាមទីកន្លែងដែលជាសមរភូមិកាលពីជំនាន់សង្គ្រាមកន្លងមក ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងរស់នៅ ដោយត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ដល់ពលរដ្ឋអោយយល់ដឹងពីផលប៉ះពាល់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ពេលប្រទះឃើញគ្រាប់ទាំង នោះហើយ អាជ្ញាធរ ជំនាញពាក់ព័ន្ធ ត្រូវឆ្លើយតបអោយបានទាន់ពេលវេលាក្នុងការប្រមូលយកទៅកម្ទេចចោល និង ត្រូវដាក់ស្លាកសញ្ញាសំគាល់ជាបន្ទាន់តាមតំបន់សង្ស័យ ថា មានមីនតាមការណែរនាំរបស់អជ្ញាធរមីន។
សារជាថ្មីម្តងទៀត​ ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរ​ គណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង និងអង្គប្រជុំទាំងមូល សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ និងចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៍កាចសាហាវនាបច្ចុប្បន្ននេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។