ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកងបោសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្រោមទឹក ទន្លេមេគង្គក្នុងស្រុកស្រីសន្ធរ

(កំពង់ចាម) នៅព្រឹកថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព. ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក ទន្លេមេគង្គស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

យោងតាមរបាយការណ៍សង្ខេបរបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សែម​ សុវណ្ណនី​ បានឲ្យដឹងថា​ គិតត្រឹម​ថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ប្រតិបត្តិការ​រុករក​ទទួល បានលទ្ធផលគួរជាទីមោទនៈ​ ដោយបានរកឃេីញគ្រាប់មិនទាន់ផ្ទុះ​ ទំហំ60-105mm​ ចំនួន​៧២២គ្រាប់​ និងគ្រាប់​ប្រភេទតូច​ (ប្រភេទកាំភ្លេីងដៃ​ និងកាំភ្លើងយន្ត)​ចំនួន​ ៥៤.៩២៥គ្រាប់​ ។ សរុបរួមមាន ​៥៥.៦៩៧គ្រាប់​ ដែលត្រូវបានរុករកឃេីញនៅក្នុងឃ្លុបទី១​ និងនៅ៣ឃ្លុបទៀត​ ដែលត្រូវយកចេញជាបន្តបន្ទាប់។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាតាងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ នាង ផាត ចំពោះឯកឧត្តម​ សែម សុវណ្ណនី និងចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង និងអស់លោកជាមន្ត្រីជំនាញទាំងអស់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយ រួមសាមគ្គីគ្នាធ្វេីឲ្យប្រតិបត្តិការ​នេះប្រកបដោយជោគជ័យ។

សម្ដេចក្រឡាហោម​ បានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដូចក្នុងរបាយការណ៍បានបញ្ជាក់ហើយថាអាចរហូតដល់អំឡុងខែឧសភាទើបអាចចប់។ ប៉ុន្តែយើងមិនតក់ក្រហល់នោះទេ បញ្ហាចម្បងគឺសុវត្ថិភាព។ យើងមិនត្រូវពន្លឿនដោយការប្រថុយប្រថាននោះទេ។

សម្ដេចបានបញ្ជាក់ថានៅទីនេះក្រៅពីរកឃើញគ្រាប់គឺបានរកឃើញធាតុមនុស្សម្នាក់។ ក្នុងឱកាសនោះដែរសម្ដេចក៏បានអំពាវនាវក៏ដូចជាប្រកាសស្វែងរកសាច់ញាតិនៃអតីតយុទ្ធជនដែល​បានមរណៈភាពនៅក្នុងកប៉ាល់ដែលលិច។

សម្ដេចក៏បានផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋនិងអង្គភាពផងដែរ។ សម្ដេចក៏បានអំពាវនាវដល់មន្ត្រីមូលដ្ឋានពិសេសលោកមេឃុំ មេភូមិ ស្មៀន ប៉ុស្តិ៍នគរបាលរដ្ឋបាល គឺសំខាន់ណាស់ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។

សូមបញ្ជាក់ថា​ ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅអំឡុងខែឧសភា ឱ្យទាន់មុនរដូវវស្សាខាងមុខនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។