ព័ត៌មានជាតិ

ចំនួនភ្ញៀវទេសចរដែលទៅទស្សនាខេត្តកំពតស្ទុះដល់ជាង១០ម៉ឺននាក់ ក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ២០២១ !

(កំពត)៖ ប្រធានមន្ទីរទេសចរណ៍កំពត លោក សយ ស៉ីណុល ទើបបញ្ជាក់ថ្ងៃទី១៤ ខែកុម្ភៈនេះថា ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅក្នុងខេត្តកំពតកាន់តែមានចំនួនច្រើនឡើងៗ ពោលគឺស្ទុះដល់ប្រមាណជាង ១០ ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកប្រធានមន្ទីរបានឱ្យដឹងថា «រយៈពេល៣ថ្ងៃនេះ ខេត្តកំពតខាងខ្ញុំទទួលបានភ្ញៀវទេសចរសរុបចំនួន ១០២,០២៦ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១០១,៣០២ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ៧២៤ នាក់»។

លោកបានបន្តថា ដោយមានការណែនាំយ៉ាងហ្មត់ចត់ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពត លោក ជាវ តាយ មន្ត្រីជំនាញនៅតាមមន្ទីរ អង្គភាព ស្ថាប័ននានា ពិសេសមន្ទីរទេសចរណ៍ខេត្តកំពតបានចុះពង្រឹងការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងការណែនាំពីវិធានអនាម័យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលយ៉ាងយកចិត្តទុកដាក់។

លោក សយ ស៉ីណុល ក៏បានបញ្ជាក់ដែរថា ចំពោះការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត ក៏នៅតែប្រព្រឹត្តយ៉ាងល្អប្រសើរផងដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត ជាវ តាយ ពោលគឺគ្មានបញ្ហាអ្វីចោទឡើងគួរឱ្យកត់សម្គាល់ឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។