ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានបន្ដផ្ដល់ជំនួនថវិកាចំនួន១៥០០លានរៀល សម្ភារ:និងស្បៀងមួយចំនួនទៀតដល់ខេត្តចំនួន៤ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលវិលត្រឡប់ !

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយថវិកាចំនួន១៥០០លានរៀល សម្ភារៈ និងស្បៀងមួយ ចំនួនទៀតដល់ខេត្តចំនួន៤ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលវិលត្រឡប់ ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ថវិកា សម្ភារ និងស្បៀងទាំងនេះ ត្រូវបានបែក ចែកដូចតទៅ៖
១៖ ខេត្តបាត់ដំបង ទទួលបានថវិកា ៣០០លានរៀល, ទឹកសុទ្ធ១០០០កេស និងមីកញ្ចប់ ១០០០កេស
២៖ ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៣០០លានរៀល និងឃីត១០០០សម្រាប់
៣៖ ខេត្តឧត្ដរមានជ័យ ទទួលបានថវិកា ៤០០លានរៀល, ឃីត ៥០០សម្រាប់ និងទឹកសុទ្ធ១០០០កេស
៤៖ ខេត្តប៉ៃលិន ទទួលបានថវិកា ៥០០លានរៀល, ទឹកសុទ្ធ ១០០០កេស និងមីកញ្ចប់១០០០កេស

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយ ពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជា ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់ ហើយក្នុង ចំណោមអ្នកឆ្លងដែនពីប្រទេសថៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។