ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជាគំរូដ៍ល្អដល់ក្រុង ស្រុកដទៃ !

(សៀមរាប) ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចុះចែកអង្ករចំនួន ៥០តោន ដែលផ្តើមចេញពីការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនគ្រួសារ(ក្រ១.ក្រ២ ) និង ប្រជាការពារភូមិ សរុបចំនួន ២ ៦៦៨គ្រួសារ មកពី៦ឃុំក្នុងស្រុក ដែលជួបការខ្វះខាតក្នុងពេលវិបត្តិជំងឺកូវីដ១៩។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា អង្ករសម្រាប់ធ្វើការចែកជូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារទូទាំងស្រុកបន្ទាយស្រីនៅពេលនេះ គឺបានមកពីការបង្ករបង្កើនផលលើផ្ទៃដីសែ្រចំនួន៤០ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ហៅថាស្រែសង្គម។ ការជួលដីស្រែពីបងប្អូនប្រជាពលរដ្ឋខាងលើ រដ្ឋបាលស្រុកបានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារ ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដីដែលបងប្អូនប្រជាពលរដ្ឋមាន។ ក្រោយពីបង្កបង្កើនក្នុងរដូវវស្សា រដ្ឋបាលស្រុកបានប្រមូលផលលើផ្ទៃដី៤០ហិកតា ទទួលបានផលស្រូវចំនួន៨០តោន រួចយកមកកិនជាអង្ករបានចំនួន៤៣តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ ក្រ២ និង ប្រជាការពារ) សរុបទាំងអស់ ទូទាំងស្រុកបន្ទាយស្រីមានចំនួន២ ៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន២០គីឡូក្រាម ។ ក្នុងនោះដែរក៏មានបងប្អូនសប្បុរសជន និងក្រុមហ៊ុន ក៏បានចូលរួមឧបត្ថម្ភដល់មងប្អូនផងដែរ ។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរចំពោះភាពដឹកនាំរបស់រដ្ឋបាលស្រុកបន្ទាយស្រី ដែលមានលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុក ក្នុងការដឹកនាំច្នៃប្រឌិត លើការទ្រទ្រង់ជីវភាពរបស់ប្រជា ពលរដ្ឋក្នុងស្រុករបស់ខ្លួន ក្រោយពេលវិស័យទេសចរណ៍មានការធ្លាក់ចុះ ដោយរងផលប៉ះពាល់ពីជម្ងឺកូវិដ១៩ ។ ឯកឧត្តម បានបន្តទៀតថា ការចែកអង្ករដែលបានមកពីការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រ(ក្រ១ ក្រ២ និងប្រជាការពារភូមិ) ទូទាំងស្រុកបន្ទាយស្រីទាំង២ ៦៦៨គ្រួសារនេះ ដោយសារតែការរាត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន សំខាន់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ។ ដោយកត្តានេះហើយ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម ដើម្បីយកអង្ករមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុករបស់ខ្លួន ហើយទាំងនេះគឺជាសកម្មភាពនេះ ជាគំរូមួយដ៍ល្អ និង ជួយប្រជាពលរដ្ឋបានទាន់ពេលវេលានៅពេលដែលពួកគាត់មានតម្រូវការខ្លាំង ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីទាំងមូល ព្រមទាំងប្រជាពលរដ្ឋទូទៅ ក៏ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ គឺត្រូវអនុវត្តទៅតាមការណែនាំ និង វិធានការការពារ របស់ ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ពីព្រោះថា (មេរោគកូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ) ។

ឯកឧត្តមក៏បាន ធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន និង កងកម្លាំងទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានខ្លួន អំពីជំងឺ១៩ ដែលកំពុងបំលែងខ្លួនភាពសាហាវជាងមុន ជាសំខាន់ចំពោះបងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសដោយលួចលាក់ មិនចូលខ្លួនធ្វើចត្តាឡីស័ក មកដល់មូលដ្ឋាន គឺត្រូវមានវិធានការបន្ទាន់ ធ្វើការចាប់ បញ្ជូនមកកាន់មណ្ឌលចត្តាឡីស័ក ព្រមទាំងស្វែងរកមេខ្យល់ដែលនាំពលករគេចវេសពីការធ្វើចត្តាឡីស័ក យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើមី្បបង្កាកុំឲ្យមានការឆ្លងរីករាលដាលជាសហគមន៍៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។