ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ជំនួយថវិកាបន្ថែមទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានសម្រេចផ្តល់ជំនួយថវិកាបន្ថែម ២,៣០០លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា

ខេត្តទាំងនោះរួមមាន៖ -ខេត្តបាត់ដំបង ទទួលបានជំនួយថវិកា៧០០លានរៀល -ខេត្តបន្ទាយមានជ័យទទួលបានជំនួយថវិកា៩០០លានរៀល និង
-ខេត្តឧត្តរមានជ័យ ទទួលបានជំនួយថវិកា៧០០លានរៀល។

បើតាមលោកជំទាវ យក់ សម្បត្តិ, ថវិកាទាំងនេះត្រូវបានសម្តេចផ្តល់ជូនដើម្បីប្រើប្រាស់រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៣ផងដែរ។

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយ ពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ ហើយបានត្រឡប់មកប្រទេសកម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។