ព័ត៌មានជាតិ

ឯកឧត្តម គឹម សន្តិភាព មានប្រសាសន៍ថា អ្នកដែលផ្សព្វផ្សាយបន្តព័ត៌មានមិនពិត អាចជាកម្មវិធីវត្ថុនៃការស្រាវជ្រាវ និងសួរនាំពីអាជ្ញាធរមាន សមត្តកិច្ច !

(ភ្នំពេញ) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមាន ប្រសាសន៍ថា អ្នកដែលផ្សព្វផ្សាយបន្តព័ត៌មានមិនពិត អាចជាកម្មវត្ថុនៃការស្រាវជ្រាវ និងសួរនាំពីអាជ្ញាធរមាន សមត្ថកិច្ច។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា ៖ “ការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការស្លាប់ដោយសារតែការចាក់វ៉ាក់សាំង (Sinopharm) ដែលជាជំនួយរបស់មិត្តចិន ជូនព្រះរាជាណាចក្រកម្ពុជានោះ គឺជាការផ្សព្វផ្សាយដែលមានគោលបំណងច្បាស់លាស់ណាស់ គឺជាគោលបំណងបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមកម្ពុជាតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ធ្វើឱ្យមន្ត្រីរាជការមានបញ្ហានៅ ក្នុងអារម្មណ៍ភ្លាមទាំងអស់គ្នា រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ កន្លងមកនេះ។ សកម្មភាពនេះ គឺពិត ប្រាកដណាស់នឹងធ្វើសង្គមយើងមានបញ្ហា”។
ឯកឧត្តម បានបន្តថា ៖ “សម្រាប់បុគ្គលដែលចាប់ផ្តើមបញ្ចេញ ឬផ្សព្វផ្សាយព័ត៌មានមិនពិតនេះ គឺជាការទទួល ខុសត្រូវចំពោះមុខច្បាប់មួយតាមមាត្រា៤៩៥។ ដោយឡែក សម្រាប់អ្នកដែលចែកចាយបន្តវិញ បើទោះជាចង់ឬមិនចង់ នឹងក្លាយជាកម្មវត្ថុ នៃការស្រាវ ជ្រាវរបស់អាជ្ញាធរមាន សមត្ថកិច្ច ពីព្រោះថាការចែក ចាយបន្ត (Share) នេះក៏មានគោលបំណងដែរ គឺដើម្បីផ្សព្វផ្សាយបន្តឱ្យអ្នកដទៃទៀតបានឃើញ។ ដូច្នេះខ្ញុំសូមអំពាវនាវដ៏ទទូច ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញសង្គម សូមធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ស្វែងរកប្រភពឱ្យបានច្បាស់លាស់ នូវរាល់ព័ត៌មានដែលបងប្អូនគិតថានឹងផ្សព្វផ្សាយបន្ត ព្រោះថាប្រភពព័ត៌មានគឺសំខាន់ណាស់ ហើយក៏ជាចំនុចស្លាប់រស់មួយដែរ ដែលអាចកំណត់ថាព័ត៌មាននោះពិតឬមិនពិត”។

ដោយឡែកពាក់ព័ន្ធនឹងសំនួរដែលថា ចុះបើក្នុងករណីដែលពុំដឹងថាព័ត៌មានណឹងពិតឬមិនពិតវិញ ឯកឧត្តម គឹម សន្តិភាព បានពន្យល់ថា ចម្លើយរបស់បងប្អូនដែលផ្សព្វផ្សាយបន្តនូវព័ត៌មានមិនពិត គឺត្រូវឆ្លើយនៅមុខអាជ្ញាធរមានសមត្ថកិច្ច ព្រោះសមត្ថកិច្ចមានតួនាទីត្រូវសួរនាំ ដែលនាំឱ្យបងប្អូនខាតទាំងពេលវេលា ហើយអាចជំពាក់នឹងទោស ទណ្ឌទៀត ក្នុងករណីដែលបងប្អូនពុំមានទឡ្ហីករ ឬភស្តុតាងច្បាស់លាស់ ដើម្បីដោះបន្ទុកឱ្យរួចផុតពីការចោទ ប្រកាន់។ ជាថ្មីម្តងទៀត ឯកឧត្តម គឹម សន្តិភាព ស្នើប្រជាពលរដ្ឋឱ្យពិចារណាឡើង វិញមុននឹងចែកចាយបន្តនូវព័ត៌មានណាមួយ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដែលកើតឡើងដោយការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋខ្លួនឯង។

គួររម្លឹកថា កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានការផ្សព្វផ្សាយនូវព័ត៌មានមិនពិតមួយ ស្តីពី មរណភាពរបស់ អ្នកគ្រូ ឆន ណារី ដែលជាគ្រូបង្រៀននៅខេត្តក្រចេះ ថាបានស្លាប់បន្ទាប់ពីការចាក់វ៉ាក់សាំង ស៊ីណូហ្វាម ដែលតាមការពិត គឺអ្នកគ្រូបានទទួលមរណភាព ដោយជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។