ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង គ្រោងនឹងផ្តល់អគារសិក្សាចំនួន ២ខ្នង ៤ជាន់ ស្មើនឹង ៦០ បន្ទប់ ដល់វិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង !

(បាត់ដំបង) នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែលុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពអគារសិក្សាវិទ្យាល័យព្រះមុន្នីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលា និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។

នៅក្នុងដំណើរការអញ្ជើញចុះពិនិត្យអគារសិក្សានោះផងដែរ លោក អេង ភារុណ នាយកសាលាវិទ្យាល័យព្រះមុនីវង្ស បានប្រាប់ឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នូវខ្វះខាតបន្ទប់សិក្សា និងអគារខ្លះមានសភាពចាស់ទ្រុឌទ្រោម សម្តេចគ្រោងនឹងផ្តល់អគារសិក្សាចំនួន ២ខ្នង ៤ជាន់ ស្មើនឹង ៦០បន្ទប់ ។

លោក អេង ភារុណ ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម និងសូមគោរពជូនពរសម្តេចមានសុខភាពល្អ ដើម្បីនៅជាម្លប់ដល់កូនចៅអ្នកខេត្តបាត់ដំបង ក៏ដូចជាកូនចៅទូរទាំងប្រទេសកម្ពុជាទាំងមូលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។