ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកអង្គរជុំ

(សៀមរាប)វេទិកាផ្សព្វផ្សាយនេះ ដំណើរការថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលប្រារព្ធធ្វើនៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមវត្តមានរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត រួមជាមួយមន្រ្តីជំនាញថ្នាក់ខេត្ត ផ្នែកឯកជនដែលពាក់ព័ន្ធ មន្រ្តីថ្នាក់មូលដ្ឋាន ប្រជាពលរដ្ឋ គ្រូបង្រៀន និងសិស្សានុសិស្ស មកពីចំនួន ២ស្រុក គឺស្រុកអង្គរជុំ និងស្រុកវ៉ារិន ដែលមានអ្នក ចូលរួមចំនួន ៣៩៦នាក់ស្រី៩០នាក់ ក្រោមការប្រតិបត្តិទៅតាមការណែនាំ និង វិធានការ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ទៀតផង។ អង្គវេទិកាទាំងមូល ក៏បានលើកឡើងពីទុក្ខកង្វល់របស់បងប្អូនដែលកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកទាំងពីរ ដោយបានផ្តោតទៅលើបញ្ហា វិវាទដីធ្លី ,ករណីតម្លៃប្រេង និង តម្លៃអគ្គិសនី , ប្រព័ន្ធធារាសាស្ត្រ , បញ្ហាផ្លូវជនបទ , វិស័យអប់រំ (កង្វះអគារសិក្សា និង គ្រូបង្រៀន ) រួមទាំងមណ្ឌលសុខភាពៗ។

បន្ទាប់ពីមានការបកស្រាយបំភ្លឺនូវរាលទុក្ខកង្វល់របស់សមាជិកអង្គវេទិកាលើកឡើង របស់បណ្តាមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ រួចមក លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងផងដែរ អំពីគំនិតផ្តួចផ្តើមរបស់អភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អណត្តិទី៣ ដែលថា ចាប់ពីពេលនេះ គប្បីបញ្ឈប់ការលើកគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមនៅមូលដ្ឋាន ដោយការធ្វើកំណែទម្រង់ថ្មី ដោយការប្រើប្រាស់គម្រោងសាងសង់ផ្លូវបេតុងវិញ តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវជនបទ ដែលជាបទដ្ឋានថ្មីសម្រាប់អនាគត ។ ក្នុងនោះលោកក៏បានធ្វើការផ្តាំផ្ញើ ណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ត្រូវគោរពឲ្យ បាននូវវិធានការ ៣កុំ ៣ការពារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ១៩ ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភះនេះ ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយៈពេលកន្លងមក និងបានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយ បំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ផ្ទាល់មាត់មានចំនួន ០៩សំណួរ សំណូមពរ និង លាយល័ក្តអក្សរ ចំនួន ០៨សំណួរ សំណូមពរ ដែលពាក់ព័ន្ធ ការងារធារាសាស្ត្រ សាលារៀន , អគ្គិសនី និង ហេដ្ឋារចនាសម្ព័ន្ធ ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែល អង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជា លាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ។

ជាមួយនឹងការរៀបចំវេទិកានេះ រដ្ឋបាលខេត្តក៏បានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។