ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកកិច្ចប្រជុំ ស្ដីពីការពង្រឹងទប់ស្កាត់ជំងឺកូវីដ-១៩ នៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តមណ្ឌលគិរី ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ន សារុន នាយករដ្ឋបាល សាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក តន ឆៃ មេបញ្ជាការង នៃប្រតិបត្តិការសឹករងមណ្ឌលគិរី លោក ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងលោកស្រី អនុប្រធានមន្ទីរទេសចរណ៍ខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានដាក់វិធានការរួមមាន៖ ទី១ទប់ស្កាត់ការឆ្លងចេញចូលនៅតាមព្រំដែន ទី២ ដាក់គោលដៅរឹតបន្តឹងការត្រួតពិនិត្យនៅចំណុចព្រំប្រទល់ រវាងខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី រវាងខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ដោយមន្ទីរសុខាភិបាលសហការជាមួយកម្លាំងសមត្ថកិច្ចធ្វើការពិនិត្យកំដៅ បាញ់អាល់កុល អ្នកធ្វើដំណើរចេញចូល ទី៣ លោកអភិបាលក្រុងសែនមនោរម្យ សហការជាមួយមន្ទីរទេសចរណ៍ចុះពិនិត្យ និងណែនាំដល់សេវាកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រម្មណីយដ្ឋាន និងសេវាកម្ម ម៉ាស់ស្សា ត្រូវអនុវត្តទៅតាមវិធានការ ការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងត្រូវផ្អាកសកម្មភាពក្លឹបកំសាន្ត ខារ៉ាអូខេ រហូតដល់មានណែនាំពីក្រសួងសុខាភិបាល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។