ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ !

(សៀមរាប) គិតមកទល់ពេលនេះ ស្ថានភាពកូវីដ១៩ កំពុងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការចាត់វិធានការកំរិតខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះ ឯកត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋមនៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។

ដូចនេះ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឲ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩”ផងដែរ។

ដូចនេះ សូមបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។