ព័ត៌មានជាតិ

ក្រសួងកសិកម្ម ខេត្តឧត្តរមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ១១ ដែលទទួលបានគម្រោងស្តីពី “ការធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណគ្រួសារ

(ភ្នំពេញ) យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តឧត្តរមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ១១ ដែលទទួលបានគម្រោងស្តីពី
“ការធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណគ្រួសារក្នុងក្របខ័ណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ដោយប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩” របស់សម្តេចតេជោ ហ៊ុន សែន។

កាលពីថ្ងៃទី២៦ ខែមីនា លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍អំពីបច្ចុប្បន្នភាពអំពីសមិទ្ធផលរបស់គម្រោងជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា៖ នៅទូទាំងខេត្តមានកសិករចំនួន ១០៥ គ្រួសារបានទទួលផលពីគម្រោង ក្នុងនោះ ៧៥គ្រួសារ ចិញ្ចឹមត្រីអណ្តែង និង ៣០ គ្រួសារ ចិញ្ចឹមកង្កែប។

បច្ចុប្បន្នសម្រាប់កសិករចិញ្ចឹមត្រីអណ្តែងនៅបន្តចិញ្ចឹម ៣០គ្រួសារ និងកង្កែបមាន ១០គ្រួសារ ក្រៅពីនោះ គាត់បានផ្អាកចិញ្ចឹមបណ្តោះអាសន្ន ដោយជាប់រវល់ប្រមូលផលស្រូវប្រាំង ដំឡូងមី និងផលដំណាំផ្សេងៗទៀត។

ដោយសារការចិញ្ចឹមទាំងត្រី និងកង្កែបងាយចិញ្ចឹម ឆាប់បានផល ចំណាយទុនតិច មានទីផ្សារ (ត្រីតម្លៃ ៦០០០រ/គ.ក្រ និងកង្កែប ១០ ០០០រ/គ.ក្រ) និងជាពិសេសសម្រាប់ដោះស្រាយម្ហូបអាហារប្រចាំថ្ងៃផងនោះ ពួកគាត់នឹងចាប់ ផ្តើមចិញ្ចឹមឡើងវិញ បន្ទាប់ពីទំនេរដៃក្រោយពេលប្រមូលផលដំណាំរួច។

ក្រៅពីកសិករទាំង ១០៥គ្រួសារនោះ មានកសិករជាច្រើនបានចាប់អារម្មណ៍ធ្វើការចិញ្ចឹមត្រីអណ្តែង និងកង្កែបផងដែរ ជាពិសេសកងយុទ្ធពលខេមរភូមិមិន្ទនៅតាមតំបន់ឈរជើង។ ជាក់ស្តែង កូនត្រីអណ្តែងចំនួន ១៤០ ០០០កូន ត្រូវបានស្ថានីយកសិកម្មគោករំដួលរបស់មន្ទីរកសិកម្មខេត្ត បានលក់ជូនអតិថិជន ចំពោះកង្កែបកំពុងរង់ចាំត្រៀមបង្កាត់ពូជនារដូវរស្សាខាង មុខ។ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE មន្ទីរបានរៀបចំជា ៣ បណ្តុំក្នុងនោះ អាជីវកម្មត្រីអណ្តែង ២ បណ្តុំមានសមាជិក ៩៨គ្រួសារ ដែលគ្រួសារនីមួយៗទទួលបានចំណី ២ការ៉ុង តង់ ៤x៦ កូនត្រីអណ្តែង ៥០០ក្បាល និងកសិករគំរូ ២រូបជាអ្នកបង្កាត់ និងភ្ញាស់ត្រី ដែលពួកគាត់ម្នាក់ៗទទួលបានថវិកាសម្រាប់រៀបចំរោង តង់ និងឧបករណ៍បង្កាត់ គិតជាទឹកប្រាក់សរុបចំនួន ៤ ០០០ ០០០រៀល។ ដោយឡែក អ្នកចិញ្ចឹមបង្កងមាន ១បណ្តុំ មានសមាជិក ៤៦គ្រួសារ ទទួលបាន តង់ ម៉ូទ័រ និងមេ-បាពូជ ២គូរ និងកសិករគំរូ ១រូបជាអ្នកបង្កាត់ ភ្ញាស់ ទទួលបានថវិកា ២ ៨០០ ០០០ សម្រាប់ធ្វើ រោង អាង និងឧបករណ៍បង្កាត់។ កន្លងមកមន្ទីរបានបញ្ជូនមន្រ្តីជំនាញទៅចូលរួមវគ្គបណ្តុះ បណ្តាលបច្ចេកទេសបង្កាត់ពូជត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា និង កង្កែប បន្ថែមនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប។ បច្ចុប្បន្ន ពួកគាត់មានសមត្ថភាពបង្កាត់ត្រីអណ្តែង កូនកាត់ អាហ្រ្វិក ដោយជោគជ័យ ហើយជាទិសដៅបន្ត នឹងខិតខំបង្កាត់ត្រីឆ្ពិន ត្រីកន្ធរ ដើម្បីធានាការផ្គត់ផ្គង់កូនត្រី ហើយជំរុញរៀបចំខ្សែច្រវាក់ផលិតកម្មវារីវប្បកម្ម ធានាការផ្គត់ផ្គង់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រីកសមត្ថភាពការចិញ្ចឹមបន្តទៀតសំដៅជំរុញការផលិតដើម្បីនាំចេញក្រៅខេត្ត។

ទាក់ទងនឹងសកម្មភាពនាំចេញកសិផល មន្ទីរក៏បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបផងដែរ ថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនានេះ មានកសិផលសំខាន់ៗជាអាទិ៍៖ ស្រូវចំនួន ១៩ ៩៩៣តោន និងគ្រាប់ស្វាយចន្ទី ៦ ២០០តោន បាននាំចេញទៅប្រទេសវៀតណាម និងរោងម៉ាស៊ីនក្នុងស្រុក ។ ដោយឡែក ដំឡូងមីស្រស់ ១៤ ៥៦៨តោន ចំណិតដំឡូងមីក្រៀម ១១០ ៦៨៤តោន និងស្វាយកែវរមៀត ៤ ៥០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។