ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយរបស់មិត្តចិន បានមកដល់កម្ពុជាហើយ

(ភ្នំពេញ) នៅរាត្រីថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា ដើម្បីទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលវ៉ាក់សាំង និង​ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។

វ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនៅរាត្រីនេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។

កម្ពុជា សូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-​១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។