ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំង កូវីដ-១៩ ជំហាន២ ជូនដល់មន្ដ្រីរាជការ និងប្រជាពលរដ្ធដោយស្ម័តគ្រចិត្ត និងឥតគិតថ្លៃ!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ជំហាន២ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅសាលាខេត្តកំពង់ចាម។

នៅបន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិបាល រួមនិងក្រុមការងារ អញ្ជើញបន្តចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់មន្ត្រីរាជការនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម និងការិយាល័យប្រជាពលរដ្ឋផងដែរ។

នៅក្នុងដំអញ្ជើញចុះពិនិត្យអំពី វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលធ្វើឡើងនៅសាលាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ គឺធ្វើការចាក់ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។

ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា «ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការគ្រប់គ្រង ទៅហើយ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលបាន»។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ទៅដល់អ្នកដែលមកទទួលវ៉ាក់សាំងលើកទី ១ រួចហើយ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមវិធានសុខាភិបាល ពោលគឺ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី ១ រហូតដល់ថ្ងៃចាក់ ដូសទី២ ជាពិសេស ការយកចិត្តទុកដាក់ អនុវត្តទៅតាមការណែនាំ របស់គ្រូពេទ្យជំនាញ ទើបវ៉ាក់សាំងបានចាក់ហើយនោះ មានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ផ្អែកតាមផែនការ នៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងទទួលចាក់វ៉ាក់សាំង សរុបចំនួន ២៩ទីតាំង នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ។ ក្នុងនោះដែរ យើងក៏បានរៀបចំគ្រូពេទ្យជំនាញសរុបចំនួន ៤១ក្រុម ដោយក្នុង១ក្រុមៗ មានគ្រូពេទ្យចំនួន ១០នាក់ ដែលអាចមានលទ្ធភាពទទួលការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ បានចំនួន ៦០០នាក់ ក្នុង១ ថ្ងៃ ប្រសិនបើប្រព័ន្ធអ៊ិនធើណេតមិនមានការរអាករអួល។

គួរបញ្ជាក់ថា ផែនការយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង ចំនួន ៣៩.០០០ដូស ដែលអាចចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត បានចំនួន ១៨.០០០នាក់ ហើយយុទ្ធនាការនេះ អនុវត្តរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ពោលគឺ ចាប់ពីថ្ងៃទី០១ រហូតដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត អមដោយឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធអញ្ជើញបន្តចុះពិនិត្យមើលវឌ្ឍនភាពអំពីវឌ្ឍនភាពនៃការបម្រើការងាររបស់មន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម និងការិយាល័យប្រជាពលរដ្ឋផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។