ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជេីញចូលរួមក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ

(កំពង់ចាម) នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម  អ៊ុន ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជេីញ ចូលរួម ក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។

 

តាមការគូសបញ្ជាក់ពីឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា ប្រតិបត្តិការណ៍ស្រង់នាវាចម្បាំងមួយនេះ  មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អ មិនទាន់ផ្ទុះ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ ដោយឡែក សល់បំណែកគ្រាប់១០%ទៀត ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល។ ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្ថែមទៀតថា ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំង ជំនាញបានខិតខំប្រឹងប្រែង ក្នុងស្ថានភាពស្មុគ្រស្មាញ និងប្រឈមគ្រោះថ្នាក់បំផុស ព្រោះមិនដូចនៅលេីគោគ សូមបញ្ជាក់ផងដែរ ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសរុបប្រមាណជាង១៦តោន ហេីយតាមការសន្និដ្ឋានចំនួន មនុស្សដែលស្លាប់មានប្រ មាណចាប់ពី៥ទៅ៨នាក់ក្នុងនាវាមួយនេះផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។