ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ជម្រុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវ វិធានការនៃការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩!

(កំពង់ធំ): នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមប្រព័ន្ធវីដេអូ Microsoft Teams នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថាបច្ចុប្បន្ននេះ ប្រទេសរបស់យើងកំពុងតែទទួលរងគ្រោះនូវព្រឹត្តិការណ៍ ២០កុម្ភ: ឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ។ ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រហូតដល់ចេញសេចក្តីសម្រេច កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានជម្រុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល
នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលខ្លឹមសារនៃសេចក្តីសម្រេចនេះ ប្រព្រឹត្តទៅមានរយៈពេល ១៤ថ្ងៃ ដោយយើងបានអនុវត្តគិតចាប់ពីម៉ោង សូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរឹង-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់ស្រុកដែលមានព្រំប្រទល់ជាប់នឹងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ទៅលើការអនុវត្តការងារ និងតួនាទីរបស់ខ្លួនឲ្យបានហ្មត់ចត់ ជាពិសេសសូមលោកអភិបាលស្រុកលោកមេឃុំ ចៅសង្កាត់ មេភូមិ ខិតខំចុះសាកសួរសុខទុក្ខបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ឲ្យបានញឹកញាប់ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។