ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបើកកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ឯក ចាន់ លំផាត់សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបើកកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ក្នុងជំហានទី១ តាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែបាននឹកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មិនដែលបំភ្លេចពេលណាឡើយ។ ដោយផ្អែកលើគុណបំណាច់ដែលមិនអាចបំភ្លេចបាននេះហើយ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូលបានកំពុងរងការយាយីដោយជំងឺកូវីដ-១៩ ដែលជាជំងឺកាចសាហាវមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វះស្វែងរកជំនួយ និងការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាក់ស្ដែងថ្ងៃនេះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសម្រាប់ផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃផងដែរ។ ដោយឡែកក្នុងថ្ងៃនេះនៅទូទាំងខេត្តកំពង់ចាម បានរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ជំហានទី១ ចំនួន១.២០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្ត។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងសូមឲ្យបងប្អូនអតីតយុទ្ធជន និងគ្រួសារ មកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដោយឥតគិតថ្លៃ ក្នុងគោលដៅដើម្បីយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍។

សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម ជូនដល់កងកម្លាំង មន្ត្រីរាជការ និងក្រុមគោលដៅដែលស្ម័គ្រចិត្ត ក្នុងជំហានទី១ បានចំនួន ៥.២៩៤នាក់ និងជំហានទី២ បានចំនួន ១៦.៨២៦នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។