ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ៖ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងសមត្ថកិច្ច បន្តធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ ពីការការពារខ្លួនពីមេរោគកូវីដ-១៩

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ០២១នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងបាននាំយកអំណោយជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមគោលដៅសំខាន់ៗ ដែលកំពុងធ្វើការបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ។ ការចុះសួរសុខទុក្ខ និងចែកជូននូវអំណោយនេះ ត្រូវបានធ្វើឡើង នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងការចុះសួរសុខទុក្ខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាស៍ថា ក្រោមការខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការអនុវត្តផ្ទាល់ ដោយកងម្លាំងមានសមត្ថកិច្ច ដែលមានកម្លាំង អគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានព្យាយាម និងខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាតត្បាត នៃជំងឺកូវីដ១៩ ដែលកើតមាននាពេលបច្ចុប្បន្ននេះ ទាំងនៅលើសកលលោក។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ថ្វីត្បិតតែ កម្ពជាបានខិតខំ ក្នុងការទប់ស្កាត់នៃការរីករាតត្បាតនៃមេរោគកូវីដ១៩ យ៉ាងណាក្តី ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មេរោគកូវីដ១៩ បានហក់ឡើងយ៉ាងគំហុក ធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង នៃបេសកកម្ម របស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបំរើ និងការពារប្រជាជន ក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ កំពុងតែរីករាលដាលនាពេលនេះ ។

សម្ដេចក្រឡាហោម ស ខេង បានធ្វើការថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះអគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាធានីភ្នំពេញ រួមនឹងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សំរាប់ប្រជាជនកម្ពុជា ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ច បន្តធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់យល់ដឹងកាន់តែច្បាស់ ពីការការពារខ្លួន ពីមេរោគកូវីដ១៩ និងចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខកងម្លាំង ដែលកំពុងឈរជើង នៅតាមមូលដ្ឋានដែលកំពុងធ្វើការបិទខ្ទប់នាពេលនេះ បានធ្វើការផ្តល់ជូននៅអំណោយ សំរាប់ជូនទៅដល់កងកម្លាំង ដូចជា ទឹកសុទ្ធ មី រួមនិងថវិការផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។