ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកចំការលើ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយអនុប្រធានអចិន្ត្រៃយ៍សាខា, ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, មន្ត្រីរាជការសាលាខេត្ត, អាជ្ញាធរស្រុកចំការលើ, មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក,ក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣ នង ៤៥ នាទី រសៀល ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ បណ្តាល អោយរបើកដំបូលក្បឿង ដំបូលសង្កសី ផ្ទះប្រជាពលរដ្ឋ ចំនួន ៤០ខ្នង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការខូចខាតលំនៅដ្ឋានរបស់បងប្អូនបែបនេះ ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ19 ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” ពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ខ្សែចម្លង កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលគ្រួសារ និងសហគមន៍ យើង ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖
អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ ។

ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។