ព័ត៌មានជាតិ

ក្រសួងអប់រំ បន្តរៀបចំដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់បុគ្គលិកអប់រំ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ) នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យ អប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន នៅតែបន្តទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកទី២ ក្រោមការរៀបចំផ្ដល់សេវាផ្ដល់វ៉ាក់សាំងដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល នៅតាមមណ្ឌលចំនួន១៥ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងនៃការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងស្នើសុំ ឱ្យបុគ្គលិកអប់រំទាំងអស់ត្រូវទទួលការចាក់វ៉ាក់សាំងដូសទី២ នៅខណ្ឌដែលខ្លួនរស់នៅ ជៀសវាងការធ្វើដំណើរឆ្លងខណ្ឌ និងត្រូវចាក់នៅទីតាំងដែលក្រសួងបានរៀបចំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងលើកទី១មកជាមួយ។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២នេះ ជាវិធានការតែមួយគត់ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព និងដើម្បីការពារបុគ្គលិកអប់រំ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអង្គការគ្រប់រូប កុំឱ្យឆ្លងជំងឺកូវីដ-១៩ ឬ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទោះបីឆ្លងជំងឺកូវីដ-១៩ ក៏ដោយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។