ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ និងកងទ័ពជើងគោក បន្តដឹកស្បៀងអាហារចែកជូនពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ជិត២ម៉ឺនគ្រួសារ

(ភ្នំពេញ) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ។
សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហានបានបន្តដឹកជញ្ជូនស្បៀងអាហារទៅជូនប្រជាពលរដ្ឋបានចំនួន ១៧,៣៥០គ្រួសារ នៅតាមខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលកាន់ការងារលើផ្នែកនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ មេសា អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហាន បានបន្តដឹកជញ្ជូនស្បៀងអាហារទៅជូនប្រជាពលរដ្ឋចំនួន ១៧,៣៥០គ្រួសារ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យ ចំនួន ៤,៣០០ គ្រួសារ, នៅពោធិ៍សែនជ័យ ចំនួន ៤,៥០០គ្រួសារ, ខណ្ឌដង្កោ ចំនួន៥៥០ គ្រួសារខណ្ឌសែនសុខ១,០០០ គ្រួសារ,ខណ្ឌព្រែកព្នៅ ១០០០ គ្រួសារ, ខណ្ឌឬស្សីកែវ ចំនួន ១,០០០គ្រួសារ, ខណ្ឌជ្រោយ ចង្វារ១,០០០គ្រួសារ, ខណ្ឌដូនពេញ ចំនួន៧០០ គ្រួសារ, ខណ្ឌ៧មករា ចំនួន ៥០០គ្រួសារ, ខណ្ឌទួលគោក ចំនួន ៥០០គ្រួសារ,ខណ្ឌចំការ មនចំនួន ៥០០គ្រួសារ, ខណ្ឌបឹងកេងកងចំនួន៥០០គ្រួសារ ខណ្ឌច្បារអំពៅ ចំនួន៨០០ គ្រួសារ និងខណ្ឌកំបូល ចំនួន ៥០០គ្រួសារ។
គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត ៦២គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដោយ មានដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។