ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំបន្តផ្សព្វផ្សាយបន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីង១៩ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សា ព្រះនាង

(ខេត្តកំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំបន្តផ្សព្វផ្សាយបន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីង១៩ ជាពិសេសអ្នកចូលរួមបុណ្យសពស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ១៩ មេសា ២០២១ នៅភូមិលាភទង ឃុំកំពង់ចិនត្បូង និងឈ្មោះ ចេង គឹមនៅ ជាអាជីវករលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ព្រមទាំងអំពាវនាវ ដល់អ្នកដែលបានចូលរួមបុណ្យសព និងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សា ព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីកាត់ផ្ដាច់ឫសគល់នៃការឆ្លងជំងឺ covid-19 ចូលក្នុងសហគមន៍។

ការអំពាវនាវនេះត្រូវបានលើកឡើង ខណៈដែលឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារកូវីដ ជូនដល់កងកម្លាំងដែលប្រចាំការនៅតំបន់បិទខ្ទប់ នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី និងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។

ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់កងកម្លាំងទាំងអស់សូមខិតខំផ្សព្វផ្សាយបន្តដល់បងប្អូនដែលបានមកធ្វើតេស្តយកសំណាកលើកទីមួយរួចហើយ ទទួលលទ្ធផលអវិជ្ជមាន មិនប្រាកដថាបងប្អូនមិនមានការឆ្លងនោះទេ លុះត្រាតែឆ្លងកាត់ការយកសំណាកលើកទី ២ ឬទី ៣ ទទួលលទ្ធផលអវិជ្ជមាន ហើយត្រឡប់ទៅផ្ទះវិញ ធ្វើចត្តាឡីស័កយៈពេល ១៤ថ្ងៃទៀត មិនមានរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទើបប្រាកដថាពួកគាត់មិនមានការឆ្លងជំងឺ covid-19 ។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសំណូមពរ ឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ នឹងបន្តតាមដានការធ្វើចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឲ្យបានញឹកញាប់ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។