ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានឆ្លៀតពេលចូលពិនិត្យដំណាំបន្លែសរីរាង្គដាំក្នុងផ្ទះសំណាញ់របស់ លោកលន សាវុធ នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប

មុនអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកពូជស្រូវ និងពូជបន្លែដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លៀតពេលចូលពិនិត្យដំណាំបន្លែសរីរាង្គដាំក្នុងផ្ទះសំណាញ់ របស់លោកលន សាវុធ (លេខទំនាក់ទំនង ០៩៦ ៦២៨ ៣៨១៨) នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។ លោកលន សាវុធបានឲ្យដឹងថា ក្នុង០១ឆ្នាំ គាត់អាចដាំបន្លែស្លឹកបាន ៦លើក ហើយក្នុង០១លើក គាត់អាចទទួលបានចំណូល ៦លានរៀល។ ទីផ្សារកំពុងពេញនិយម មានតម្រូវការខ្ពស់ និងលក់បានថ្លៃ ដោយក្នុង០១គីឡូក្រាម គាត់ទទួលបាន ១០០០០រៀល។ គាត់បានបន្ថែមថា ដោយសារចំណូលដ៏ល្អនេះហើយ បានធ្វើឲ្យគាត់មានលទ្ធភាពបញ្ជូនកូនប្រុសពីរនាក់ឲ្យទៅរៀននៅបរទេស មួយនៅប្រទេសថៃ និងមួយទៀតនៅប្រទេសវៀតណាម មិនតែប៉ុណ្ណោះធ្វើឲ្យកម្រិតជីវភាពគ្រួសារមានការរីកចម្រើនជាបន្តបន្ទាប់។

បន្ទាប់ពីបានឃើញផលបន្លែក្នុងរោង មានការរីកលូតលាស់បានយ៉ាងល្អ និងទទួលបានជោគជ័យទាំងប្រាក់ចំណូល និងសមត្ថភាពនៃការផលិត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលកសិករគំរូម្នាក់នេះទទួលបាននាពេលនេះ ហើយពិតណាស់ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ មានចំណូលក្នុងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រីលើកទឹកចិត្តឲ្យលោកលន សាវុធ បន្តខិតខំបន្ថែមទៀតដើម្បីចូលរួមផលិតបន្លែក្នុងស្រុក បង្កើនបរិមាណផ្គត់ផ្គង់ដល់ទីផ្សារ និងនិរន្តរភាពនៃប្រាក់ចំណូលគ្រួសារ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។