ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷មន្ទីពេទ្យមេគង្គកំពង់ចាម បានជួសជុលកែលម្អរួចរាល់ជាស្ថារព ១០០ភាគរយ នៅរង់ចាំតែថ្ងៃបើកឲ្យដំណើរការប៉ុណ្ណោះ !

 (កំពង់ចាម) មកដល់ពេលនេះ គម្រោងជួសជុលកែលម្អ មន្ទីពេទ្យមេគង្គកំពង់ចាម សម្រចការងារបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការ ប៉ុណ្ណោះ។

 

ទោះយ៉ាងណាក្ដី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការ ការងារដែលនៅសេសសល់ ខណៈដែល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដម អមដំណើរដោយ ឯកឧត្ដមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ។

 

សូមរំលឹកថា ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ បន្តកើនឡើងជាលំដាប់ ដោយរាប់ចាប់តាំង ពីថ្ងៃ ២០-កុម្ភៈ នៃព្រឹត្តិការណ៍សហគមន៍ មកនោះ ការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវនេះ នៅមិនទាន់ថមថយនៅឡើយ។ យ៉ាងណាម៉ិញ ដោយការរំពៃទុកមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម រៀបចំកែលម្អមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ដែលអតីតសណ្ឋាគារមេគង្គ ប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ទទួលព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដែលមានគ្រែប្រមាណជា ៣៨០គ្រែ។

 

ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបទៅនឹងស្ថានការនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ រួមជាមួយនឹងអ្នកពាក់ព័ន្ធ បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការពន្លឿន ដល់ការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ឲ្យបានឆាប់រួចរាល់ជាស្ថាពរ ដើម្បីត្រៀមដាក់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមផង និងមកពីខេត្តត្បូងឃ្មុំ ផង។

 

បើតាមការអះអាង ពីអ្នកទទួលការគម្រោង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការងារជួសជុល មន្ទីពេទ្យ ខាងលើនេះ សម្រចការងារបាន ១០០% ហើយ  ពោលគឺ នៅសេសសល់ តែការងារសម្អាតតិចតួច ប៉ុណ្ណោះ។ ដោយឡែក ក្រៅពីការជួសជុលគម្រោងនេះ ជំនាញក៏បានបំពាក់នូវសម្ភារៈផ្សេងៗ ដូចជា គ្រែសម្រាប់អ្នកជម្ងឺ ជាដើម បានស្ទើររួចរាល់ទាំងស្រុង ផងដែរ។

 

គូសបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានជូនដំណឹង អំពីការរកឃើញអ្នកវិជ្ជមាន ជម្ងឺកូវីដ-១៩ ថ្មី ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងស្រុកមួយចំនួន នៃខេត្តកំពង់ចាម ចំនួន ២១នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ កំពុងដាក់ព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម សរុបមានចំនួន ៨១នាក់។ ក្រៅពីនោះ ក៏បានរកឃើញអ្នកប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ទៀត ហើយកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្តកំពង់ចាម ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។