ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ក្នុងសាខានីមួយៗ ទទួលបាន

(ខេត្តព្រៃវែង) ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងដំណាក់កាលការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្ត ព្រមទាំងឯកឧត្តម​ អនុប្រធានសាខាកាកបាទក្រហមខេត្តព្រៃវែង នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ក្នុងសាខានីមួយៗ ទទួលបាន មីយើងចំនួន ៣០កេស និងទឹកសុទ្ធបាភ្នំចំនួន ១០០កេស ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កនៅមូលដ្ឋាន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្ត។

ជាមួយគ្នានេះ​ ឯកឧត្ដម​ ក៏បានសូមធ្វើការផ្តាំផ្ញើបន្ថែមដល់អនុសាខាកាកបាទក្រហមស្រុកទាំងពីរ ធ្វើការផ្សព្វផ្សាយបន្តជូនដល់ក្រុមគ្រួសារអ្នកធ្វើចត្តាឡីស័ក ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ទម្លាប់អនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្ត ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាថ្មីម្តងទៀត ឯកឧត្ដម​ ក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង៕ដោយ លោក ជុំ ចន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។