ព័ត៌មានជាតិ

គណៈកម្មាធិការអនុសាខាស៊ីធរកណ្តាល និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់បាក់រលំផ្ទះចំនួន ៣គ្រួសារ

(ខេត្តព្រៃវែង)៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាស៊ីធរកណ្តាល និងសហការី
បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់បាក់រលំផ្ទះចំនួន ៣គ្រួសារ(ធ្ងន់ធ្ងរចំនួន ១គ្រួសារ និងមធ្យមចំនួន ២គ្រួសារ) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅភូមិ
បាប្រីយ៍ ១គ្រួសារ និងភូមិព្រែកព្នៅ ២គ្រួសារ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះពីគ្រោះធម្មជាតិ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

អំណោយផ្តល់ជូនដែលមានដូចខាងក្រោម៖
-ប្រភេទធ្ងន់ធ្ងរ ទទួលបាន អង្ករ ២០គ.ក មីយើង ១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ី១យួរ ត្រី ខ ១យួរ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត និងថវិកាចំនួន ៥០,០០០រៀល។
-ប្រភេទមធ្យម ទទួលបាន អង្ករ ២០គ.ក ទឹកត្រី ១យួរទឹកស៊ីអ៉ីវ ១យួរ ត្រីខ ៣កំប៉ុង មី ១០កញ្ចប់ និងថវិកាចំនួន ៥០,០០០រៀល។ដោយ ជុំ ចន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។