ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបិទខ្ទប់ភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ និងរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្ងៃនេះចំនួន ០៧នាក់

(កំពង់ចាម) នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបិទខ្ទប់ភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ និងរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្ងៃនេះចំនួន ០៧នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹង និងគ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់។ ដោយឡែកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមាន ដើម្បីយកសំណាក និងដាក់ឱ្យបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ជាមួយគ្នានេះ រដ្ឋបាលស្រុក ត្រូវខិតខំរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំ ដោយសារករណីនេះ មានអ្នកប៉ះពាល់ច្រើន ដែលទាមទារឱ្យមានការគ្រប់គ្រងត្រឹមត្រូវ និងដាក់ឱ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលច្បាស់លាស់ ដើម្បីទប់ស្កាត់ការចម្លងទៅកាន់សហគមន៍ផ្សេងទៀត។

គួរបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ (សរុបចំនួន១៣៨នាក់) និងករណីជាសះស្បើយចំនួន០៩នាក់ (សរុបចំនួន ៣២នាក់) អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន០១នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត រដ្ឋបាលខេត្តកំពងចាម បានដាក់ចេញនូវវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិអកទៀត ឃុំតាំងក្រាំង ស្រុកបាធាយ និងកម្មភាបផលិតកម្មក្រុមហ៊ុន លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ បន្ទាប់ពីរកឃើញកម្មករ កម្មការិនី នៅរោងចក្រនេះ មានវិជ្ជមានកូវីដ-១៩ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។