ព័ត៌មានជាតិ

ពលរដ្ឋរពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌ពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(កំពង់ចាម) នៅព្រឹកថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ អនុប្រធានអចិន្ត្រៃយ៍សាខា អាជ្ញាធរស្រុកកងមាស និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរបើកជញ្ជាំង របើកដំបូលផ្ទះ ចំនួន ៦៨គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកកងមាស ក្នុងនេះ នៅឃុំព្រែកកុយ ៤៧ គ្រួសារ, ឃុំរាយប៉ាយ ២០គ្រួសារ និងឃុំព្រែកក្របៅភូមិ ១គ្រួសារ ។

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងលំបាកដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

ក្នុងឳកាសនោះ ឯកឧត្តមក៏បានសំណូមពរ អោយគ្រួសាររងគ្រោះទាំងអស់ ខិតខំ ប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកំពស់ជីវភាពគ្រួសារ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ បម្លែងថ្មី ក្នុងសហគមន៍ ។

ចំពោះអំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៦៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី យើង ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។

ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺ អ្នកខូចខាតកម្រិតធ្ងន់ ១០គ្រួសារ ជូនថវិកាសរុប ៣,០០០,០០០រៀល, កម្រិតមធ្យម ១៩គ្រួសារ ផ្តល់ថវិកាសរុប ៣,៨៥០,០០០ រៀល និង កម្រិតស្រាល ៣៩គ្រួសារ ជូនថវិកាសរុប ៣,៩០០,០០០ រៀល ផងដែរ។

ប្រភព ÷ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។