ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វើកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នៅវិឡាល័យព្រះសីហនុ

(កំពង់ចាម) នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បា​នដឹកនាំមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វេីកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ បន្ថែមពីលើមន្ទីពេទ្យមេគង្គកំពង់ចាម ដែលបច្ចុប្បន្នមានតែ ៤០៥គ្រែ និងទីតាំងត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ក បន្ថែមនៅវិទ្យាល័យដីដុះ បន្ទាប់ពីចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមានកូវីដ-១៩ ត្រូធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក មានការកើនឡើងជាលំដាប់។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានណែនាំ និងជំរុញឲ្យអាជ្ញាធរក្រុង សហការជាមួយនឹងអ្នកពាក់ព័ន្ធខិតខំកែលំអរ និងបំពេញបន្ថែមនៅបរិក្ខាអគ្គិសនី រួមនឹងប្រព័ន្ធទឹកស្អាតនៅតាមអាគារនីមួយៗឲ្យបានឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងមិនត្រូវនៅបង្អែបង្អង់ ដោយសារសភាពការណ៍ចេះតែមានការវិវត្តន៍ ស្របពេលដែលកំណើននៃការរកឃើញករណីវិជ្ជមានកូវីដ-១៩ មានការកើន ហើយការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក៏ចេះតែកើនឡើងជាលំដាប់ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមពីអី្វដែលបានរៀបចំរួចហើយ ដើម្បីត្រៀមលក្ខណៈ និងបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវអនុវត្តវិធានចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានចំនួនសរុប ៤៨៤នាក់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៣៥៤នាក់។ អ្នកប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមានកូវីដ-១៩ មានចំនួន ២.៦៤២នាក់ កំពុងបន្តធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងរបស់រដ្ឋបាលស្រុកក្នុងខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។