ព័ត៌មានជាតិ

រដ្ធមន្ដ្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពទឹក សកម្មភាពការងារអន្តរាគមន៍ជួសជុលហេដ្ធារចលនាសម្ព័ន្ធប្រព័ន្ធធារាសាស្ដ្រនៅខេត្តព្រៃវែង

នៅរសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោកថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពទឹក សកម្មភាពការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងចាត់បញ្ជាក្នុងការបើកទ្វារទឹកដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង ដើម្បីរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ ។

ក្នុងដំណើរបេសកកម្ម ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យការងារជួសជុលបន្ទាន់នូវសំណង់ទ្វារទឹកនៃប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតនៅឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានរងការខូចខាតរបើកទ្វារទឹកដោយជំនន់ទឹកភ្លៀង ហើយបានចាប់ផ្តើមអន្តរាគមន៍ភ្លាមៗបន្ទាប់ពីទទួលបទបញ្ជាផ្ទាល់ពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីបិទទ្វារទឹកជាបណ្តោះអាសន្នរក្សាទឹកដែលមានប្រភពពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ បំពេញបញ្ចូលទៅក្នុងអាងទឹកសម្រាប់ផ្គត់ផ្គង់លទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន២.០០០ហិកតា និងដំណាំរួមផ្សំបន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមដល់នាយកដ្ឋានជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ត្រូវចាត់បន្តជួសជុល និងកែលម្អបន្ថែមពេលទឹកសម្រក ដើម្បីនិរន្តរ៍ភាពនៃការប្រើប្រាស់សំណង់អាងទឹកនេះ ។

សូមជម្រាបជូនថា ៖ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ បានបន្ត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ អនុវត្តន៍តាមប្រសាសន៍ប្រកបទៅដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើយ៉ាងណាឆាប់រួសរាន់ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូចខាតដោយទឹកជំនន់ ដើម្បីទប់រក្សាទុកទឹកប្រើប្រាស់ប្រចាំថ្ងៃ និងការងារបង្កបង្កើនផលពេលទឹកសម្រកវិញ ។

បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តវិធីសាស្រ្ត ០២យ៉ាង គឺ ទី១ អន្តរាគមន៍ខ្ចប់ទឹកទុកឲ្យខានតែបាន និងទី២ បន្តជួសជុល ពង្រឹងកែលម្អឲ្យបានល្អប្រសើរ តាមលក្ខណ:បច្ចេកទេសនិងលទ្ធភាពទៅតាមស្ថានភាពជាក់ស្តែងនៃទីតាំងនីមួយៗ ដើម្បីពង្រឹងគុណភាពសំណង់ និងស្តុករក្សាទឹកឲ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាពហុប្រយោជន៍បានយូរអង្វែង ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។