ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញក្នុងបំណងនាំយកពូជស្រូវ និងពូជដំណាំមកចែកជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់

ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីមកកាន់ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិសាត់ ក្នុងបំណងនាំយកពូជស្រូង និងពូជដំណាំមកចែកជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់។ ចេញពីខេត្តសៀមរាប បន្តដំណើរមកខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យស្ថានភាពទឹក ដែលកំពុងស្រកចុះជាបណ្តើរៗនៅត្រង់ស្ពានស្រេះ ស្រុកព្រះនេត្រព្រះ។ ពិនិត្យជារួមស្ថានភាពទឹកនៅមានសភាពធំល្វឹងល្វើយ បើទោះបីវាបានស្រកចុះបន្តិចក្តី និងជាបណ្តើរៗវានឹងស្រកចុះទៅរកសភាពប្រក្រតីវិញ ប៉ុន្តែអ្វីដែលបន្សល់ទុកក្នុងស្រែគឺគុម្ភស្រូវរលួយស្ទើរគ្មានសល់ ហើយនេះគឺ ជាបញ្ហាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានរួមគ្នាគិតគូដោះស្រាយដើម្បីស្តារផលិតកម្មដំណាំស្រូវឡើងវិញបន្ទាប់ពីទឹកស្រក។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីទទួលបានបទ បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងបានចាត់តាំងឲ្យឯកឧត្តមរដ្ឋលេខាធិការចេញបេសក កម្មបន្ទាន់ទៅតាមខេត្តគោលដៅដើម្បីពិនិត្យ បូកសរុប និងវាយតម្លៃអំពីផលប៉ះពាល់ រួចដោះ ស្រាយបញ្ហាជួនប្រជាពលរដ្ឋតាមការចាំបាច់ និងទាន់ពេលវេលា។

កម្មវិធីទី១៖ សម្រាប់ខេត្តបន្ទាយមានជ័យនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្តសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន ២៩ ៨០០គ.ក្រ មកចែកជូនកសិករដែលរងគ្រោះចំនួន ២៩៨គ្រួសារ (១០០គ.ក្រ/គ្រួសារ) ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តចារ ភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គល បុរី។

ជាបឋម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាបថាគិតមកដល់ថ្ងៃនេះ ផ្ទៃដីដំណាំស្រូវប៉ះពាល់ដោយទឹកជំនន់មានចំនួន ៧១ ៤៨៩ហ.ត (ស្រូវ ស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់) ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ១៥ ៧០៨ហ.ត។ ក្រៅពីដំណាំស្រូវ នៅមានដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី និងពោត ក្រហម) និងដំណាំបន្លែ សរុបផ្ទៃដីប៉ះពាល់មានចំនួន ១២ ៥៥៧ហ.ត ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ១ ០៤៤ហ.ត។ មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខជា មួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តបន្ទាយមានជ័យ ហើយសម្តេចតេជោក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ហេតុនេះហើយ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជាពូជស្រូវ និងថវិកា ២០ ០០០រៀល/គ្រួសារ មកចែកជូនបងប្អូនប្រជាកសិករដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។

ក្នុងនាមក្រសួងផលិតស្បៀង នៅពេលនេះផលិតកម្មស្បៀងមួយចំនួនត្រូវបានទទួលនូវផលប៉ះពាល់ និងមួយចំនួនទៀតខូចខាត។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង បានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញតាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានសាកវប្បកម្ម ជួយសហការ និងត្រូវបន្តចុះមកវាយតម្លៃលើផលប៉ះពាល់ និងជំរុញផលិតកម្មស្បៀងឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ដោយឡែកចំពោះខេត្ត ឬតំបន់ដែលមុនប៉ះពាល់ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ សហការជាមួយម្ចាស់ស្រែត្រូវចុះមើលថែដំណាំ និងការពារទឹកទុក ក្រែងជួបបញ្ហាខ្វះទឹកនៅចុងរដូវ។ ត្រូវជំរុញឲ្យកសិករដាំដំណាំរួមផ្សំ ចិញ្ចឹមមាន់ ត្រី និងកង្កែបដើម្បីធានាសន្តិសុខស្បៀងនាពេលអនាគត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។