ព័ត៌មានជាតិ

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការដឹងជញ្ជូនពលរដ្ឋដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ទៅព្យាបាលនៅមន្ទីរពេទ្យ។

សម្តេច បានថ្លែងអំណរគុណនិងកោតសរសើរជាទីបំផុត ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីជំងឺកូវីដ-១៩និងវិធានការការពារនានា ពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺ ការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្កដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។ សម្តេចបានគូសបញ្ជាក់ថាការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួន ជាមួយនិងការទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចឱ្យយើងគ្រប់គ្នាគេចផុតពីជំងឺដ៏កាចសាហាវនាពេលនេះ។

ប្រជាពលរដ្ឋ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសមន្រ្តីសុខាភិបាលស្រុកពញាក្រែង បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភានាពេលនេះ ថាពិតជាមានសារៈសំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅគ្រាមានអាសន្ន និងបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩កំពុងរាតត្បាតនេះ។

អាជ្ញាធរបានលើកឡើងថាកន្លងមកសម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន តែងតែស្ថិតនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំនិងតែងតែជួយដោះស្រាយរាល់តម្រូវការជាក់ស្តែងជាប្រជាពលរដ្ឋមិនថានៅក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ធារាសាស្រ្តនិងផ្លូវអនាគមន៍នោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។