ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន គម្រោងកម្មវិធីទី៦៖ គឺជាគម្រោងមួយថ្មីដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» – Agricultural Value Chain Competitiveness and Safety Enhancement Project

(ភ្នំពេញ) គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ត្រូវបានរៀបចំបង្កើតឡើង ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើ “ការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង” ដែលផលិតផលកសិកម្មនេះរួមមាន ៖ ដំឡូងមី ផ្លែស្វាយ ផ្លែចន្ទី បន្លែ និងមាន់ស្រុក។
គម្រោងនេះត្រូវបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ និងត្រូវអនុវត្តសម្រាប់រយៈពេល ៧ឆ្នាំ (២០២១-២០២៧) ដែលមានថវិកាសរុប ៖ ១១០,០៦ លានដុល្លារអាមេរិក ដែលក្នុងនេះ៖
(១) ថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៧០ លានដុល្លារអាមេរិក,
(២) ថវិកាកម្ចីពីមូលនិធិអាស៊ានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (AIF) ចំនួន ៥លានដុល្លារអាមេរិក
(៣) ជំនួយឥតសំណងពីមូនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន ៣ លានដុល្លារអាមេរិក,
(៤) ថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ចំនួន ២៥ លានដុល្លារអាមេរិក, និង
(៥) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧,០៦ លានដុល្លារអាមេរិក។
ជាមួយនឹងគោលដៅគាំទ្រដល់ការអនុវត្តគោលនយបាយរបស់រាជរដ្ឋាភិបាល គម្រោងក៏មានគោលបំណង៖
(១) សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម,
(២) លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាពក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពចំណីអាហារ, និង
(៣) ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។
គម្រោងនេះបាននិងកំពុងគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការ សម្របសម្រួលអនុវត្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយដែលការអនុវត្តគម្រោងនេះនឹងផ្ដល់ផលដល់សហគមន៍កសិកម្មចំនួនប្រមាណ ២៣០ ដែលមានគ្រួសារសរុបចំនួនប្រមាណ ២៧ ០០០ និង សហគ្រាសកសិកម្មចំនួនប្រមាណ ៥០ នៅក្នុងខេត្តគោលដៅគម្រោងចំនួន៦ រួមមាន ៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។
គម្រោងត្រូវបានរៀបចំឡើងដោយរំពឹងថានឹងសម្រេចនូវលទ្ធផលចុងក្រោយ (សមិទ្ធិផល) ៖
(១) វិស័យកសិកម្មត្រូវ បានអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចិរភាព,
(២) វិស័យឯកជនត្រូវបានអភិវឌ្ឍនដោយបានលើកកម្ពស់សហគ្រាស ខ្នាតតូចនិងមធ្យម និងសហគ្រិនភាព, និង
(៣) តម្លៃបន្ថែមសម្រាប់ផលិតផលកសិកម្មចំនួន៥ នៅក្នុងតំបន់គោលដៅ គម្រោងត្រូវបានកើនឡើង។

គម្រោងគ្រោងនឹងសម្រេចនូវលទ្ធផលចំនួន ៣ ៖

ការរំពឹងទុកលទ្ធផលទី១ ៖ ការផ្ដល់ហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់តម្លៃកសិកម្ម មានភាពប្រសើរឡើង ដែលក្នុងនោះ ឥណទាន (កម្ចី) នឹងត្រូវបានផ្ដល់ដល់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម តាមរយៈស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង។

ការរំពឹងទុកលទ្ធផលទី២ ៖ ការភ្ជាប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃនិងសុវត្ថិភាព កសិកម្មមានភាពរឹងមាំប្រសើរឡើង ដោយអាចនឹងសម្រេចដោះស្រាយបញ្ហាប្រឈមនៅក្នុងខ្សែច្រវាក់តម្លៃ មានដូចជា៖
(១) មានការចូលរួម និងការគាំទ្រសហគមន៍កសិកម្មក្នុងតំបន់គោលដៅគម្រោង ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព ផលិត និងបង្កើតភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាប័ន្ន,
(២) សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មមាន សមត្ថភាពក្នុងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងមានការគាំទ្រឲ្យទទួលបានវិញ្ញាបនបត្រធានាសុវត្ថិភាពផលិត ផលកសិកម្ម,
(៣) មានការគាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍពូជដំណាំនិងពូជបក្សីស្រុកដែលមានទិន្នផលខ្ពស់ ធន់នឹង ជំងឺនិងភាពរាំងស្ងួត,
(៤) មានមន្ទីរពិសោធន៍ប្រកបដោយសមត្ថភាពក្នុងធ្វើតេស្តិ៍សុវត្ថិភាពផលិតផលកសិកម្ម និងមាន ការទទួលស្គាល់ដោយ ISO17025,
(៥) មានភាពប្រសើរឡើងនូវការផ្ដល់សេវារបស់រដ្ឋាភិបាលតាមបែបឌីជីថល, និង
(៦) មានផែនការយុទ្ធសាស្រ្តសម្រាប់មន្ទីរពិសោធន៍កសិកម្ម និងសម្រាប់ឌីជីថលក្នុងវិស័យកសិម្ម។

ការរំពឹងទុកលទ្ធផលទី៣ ៖ ភាពតភ្ជាប់ទំនាក់ទំនងក្នុងខ្សែច្រវាក់តម្លៃកសិកម្មត្រូវបានកែលម្អ ដែលក្នុងនោះ ផ្លូវតភ្ជាប់ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ នៅក្នុងតំបន់គោលដៅគម្រោងប្រវេង ១១០ គ.ម នឹងត្រូវកែលម្អឲ្យប្រសើរឡើង ដែលអាចជួយកាត់បន្ថយពេលវេលានិងតម្លៃដឹកជញ្ជូន បង្កើនបរិមាណនៃការដឹកជញ្ជូន និងកាត់បន្ថយតម្លៃថែទាំផ្លូវ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។