ព័ត៌មានជាតិ

បទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកក្នុងស្រុកកែវសីមា សមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបធ្វើឲ្យល្អមើល!

ប្រភពថ្មីៗពីប្រជាពលរដ្ធមូលដ្ឋានក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចចម្រុះស្រុកកែវសីមា បង្ក្រាបរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើខុសច្បាប់១គ្រឿង នៅចំណុចខ្លោងទ្វារចូលទីបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

 

ប្រភពបានឲ្យដឹងទៀតថា​ នៅលើរថយន្តសាំយ៉ុងពណ៌សនោះមានឈើស្រលៃ១២កំណាត់ ប៉ុន្តែអ្នកបើកបររថយន្តអាចគេចខ្លួនស្រួលៗមុនពេលសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាប។

ប្រការនេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកកែវសីមា គ្មានជំនឿលើសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើព្រោះសមត្ថកិច្ចបង្ក្រាបបានតែរថយន្តនិងឈើជាវត្ថុតាង ហើយអ្នកប្រព្រឹត្តបទល្មើសអាចគេចផុតពីសំណាញ់ច្បាប់ជារៀងរហូត។

សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានកត់សម្គាល់ថា បទលើ្មសដឹកជញ្ជូនឈើនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា នៅតែកើតឡើងយ៉ាងរាលដាលហើយឈ្មួញមុខដដែលៗប្រព្រឹត្តបទល្មើសដដែលៗគ្មានញញើតអ្វីៗទាំងអស់។

ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ប្រកបដោយប្រសិទ្ធភាព។

ដោយសារថា​ លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បណ្តោយឲ្យបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា កើតឡើងគ្មានទីបញ្ចប់។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីឡាប៉ាខេ ច្រករបៀងង៉ាំយូលិត និងច្រករបៀងផ្សេងៗទៀតនៅតែកើតឡើងយ៉ាងគំហុក។

មានការរិះគន់ចំៗថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែឈ្មួញដែលមិនបង់លុយតាមការកំណត់ឬគេចវេះមិនបង់លុយ ចំណែកឈ្មួញដែលចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធអាចគេចផុតពីការបង្ក្រាប​ជារៀងរហូត។

ជាក់ស្តែងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា​ មានការកើនឡើងយ៉ាងពេញបន្ទុកហើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។