ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាព បិទខ្ទប់ផ្ទះ ៤៥ខ្នង និងផ្សារចំនួន២ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ!

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ ចំនួន៤៥ខ្នង នៅភូមិចំនួន១១ ក្នុងឃុំព្រែករំដេង រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារព្រែករំដេង និងផ្សារអូរឡេង នៅឃុំព្រៃរំដេង ស្រុកស្រីសន្ធរ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋនៅក្នុងតំបន់នេះជាបន្តបន្ទាប់។

ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ និងផ្អាកអាជីវកម្មផ្សារខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវ ផែនការមួយចំនួន ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំចងខ្សែហ៊ុព័ទ្ធ ឲ្យបានត្រឹមត្រូវតាមខ្នងផ្ទះដែលត្រូវបិទខ្ទប់ ហើយត្រូវបន្តការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីធ្វើការពិនិត្យសំណាក និងបញ្ជួនពួកគាត់ ទៅព្យាបាលឲ្យទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវផែនការចំពោះការបិទខ្ទប់ផ្ទះ ត្រូវមានការអនុវត្តឲ្យបានត្រឹមត្រូវ តាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយឡែក ត្រូវការផ្អាក អាជីវកម្មគ្រប់ប្រភេទនៅផ្សារ គឺត្រូវបិទទាំងស្រុង ដោយមិនត្រូវអនុញ្ញាតឲ្យមានការលក់ដូរ តាមការយល់ ឃើញថាអ្នកគ្មានជំងឺ ឬមានជំងឺនោះទេ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ការអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយស្រាវជ្រាវយកអ្នកដែលសង្ស័យ និងពាក់ព័ន្ធទាំងអស់ មកធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ពីសហគមន៍ មួយទៅសហគមន៍។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។