ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន និងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន២៥៥គ្រួសារ នៅភូមិឆ្កែខប្រើស ឃុំព្រែកជីក ស្រុករុក្ខគឹរី

ចូលដល់កម្មវិធីទី២ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ២៥៥គ្រួសារនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី ដែលពិធីបានរៀបចំក្នុងបរិវេណវត្តឆ្កែខាំប្រើស។

បន្ទាប់ពីបានស្តាប់របាយការណ៍ដែលអានដោយលោកអភិបាលស្រុកអំពីគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ផលដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនធំទៀត។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹត្តបណ្ឌិត មកជូនបងប្អូនរងគ្រោះនៅទូទាំងស្រុករុក្ខគីរី ហើយសម្តេចបានជូន ពរបងប្អូនទទួលយកនូវពុទ្ធពរទាំង៤ប្រការគ្រប់ៗក្រុមគ្រួសារ។ លោកបានបន្តថា រសៀលថ្ងៃនេះ ក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកពូជបន្លែ ពូជម្នាស់ អង្គរ និងកូនត្រីអណ្តែងមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាបទុក្ខលំបាក និងជាពិសេសជំរុញ និងស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។ លោកបានបន្ថែមថា បច្ចុប្បន្នយុទ្ធនាការជំរុញផលិតកម្មវារីវប្បកម្មដើម្បីធានាសន្តិសុខស្បៀងតាមរយ:ការជំរុញការចិញ្ចឹមត្រីអណ្តែង និងកង្កែប ដែលទទួលបានការជួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនូវទឹកប្រាក់ ២ ០០០លានរៀល បាននិងកំពុងផ្តល់ផលយ៉ាងល្អប្រសើរនៅតាមខេត្តគោលដៅទាំង១១ ហើយពេលនេះកសិករចំនួន ៥០គ្រួសារនឹងទទួលបានកូនត្រីអណ្តែងយកទៅចិញ្ចឹមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីយកឱកាសជួបជុំម្ចាស់ស្រែ និងម្ចាស់ចម្ការ បានផ្តល់កំលាំងចិត្ត និងគាំទ្រឲ្យពួកគាត់ដែលជាជនរងគ្រោះដោយសារទឹកជំនន់ ត្រូវងើបឈរ រួតរះញាប់ដៃ ញាប់ជើងចាប់ផ្តើមស្តារផលិតកម្មស្បៀងឡើងវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរាជរដ្ឋាភិបាលនឹងនៅជាមួយបងប្អូនគ្រប់ពេលវេលា រួមសុខ រួមទុក្ខ សហការជួយដោះស្រាយបញ្ហារួមគ្នាក្នុងគោលដៅគឺស្តារដំណាំស្រូវ ដំណាំរួមផ្សំ សត្វ និងត្រីឡើងវិញដើម្បីធ្វើឲ្យប្រាកដថាប្រជាពលរដ្ឋមានស្បៀងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំ ថ្ងៃនាពេលអនាគត។ នៅស្រុកសង្កែចែកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគ ចំពោះល្ងាចនេះ វិញយើងចែកពូជបន្លែ ពូជម្នាស់ និងកូនត្រីអណ្តែង ដោយអំណោយទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវានឹងជួយស្តារផលិតកម្មស្បៀងឡើងវិញបានខ្លះ ក្រៅពីចែកពូជ លោកសំណូមពរបងប្អូនប្រជាកសិករត្រូវខិតខំស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំ រួមផ្សំផ្សេងទៀតឲ្យកាន់តែសកម្មទ្វេឡើងថែមទៀតដើម្បីធានាសន្តិសុខស្បៀង។

សម្រាប់អំណោយនាពេលនេះ ២០០គ្រួសារទទួលបានពូជដំណាំ (ពោតស សណ្តែកកួរ ត្រប់វែង និងស្ពៃចង្កឹះ) ៥គ្រួសារទទួលបានពូជម្នាស់ (២០០០កូន/គ្រួសារ) និង ៥០គ្រួសារទៀតទទួលបានកូនត្រីអណ្តែង (៧០០កូន/គ្រួសារ) តង់ប្លាស្ទិក ១ ចំណី ៤បាវ និងវីតាមីន ៣កញ្ចប់ ក្រៅពីនេះទាំង ២៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គ.ក្រ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។